សៀមរាប: អតីតបុគ្គលិក ត្រូវបានម្ចាស់ហាង លក់វត្ថុអនុស្សាវរីយ៍ មានយីហោ ស៊ីធីជែម (City Gems) ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ផ្លូវ៣០ម៉ែត្រ) បានប្ដឹងអតីត បុគ្គលិកម្នាក់ ទៅសាលាដំបូងសៀមរាប ឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារ តាំងពីថ្ងៃទី១៣ កុម្ភះ ឆ្នាំ២០១៣ ដោយប្ដឹង ចោទស្រ្ដីរូបនោះ ថា បានញុះញង់ឲ្យ មានការរើសអើង (ឲ្យបុគ្គលិក ដទៃទៀតឈប់ ធ្វើការ) លួចឯកសារ គំរាមកំហែង និង បរិហារកេរ្ដិ៍។
ប្តីរបស់ស្រ្ដីជាប់ចោទរូបនោះ បានប្រាប់ថា ប្រពន្ធរបស់គាត់ មានឈ្មោះ លឹម សម្បត្តិ អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចូលបម្រើការងារ នៅហាង ស៊ីធីជែម ដោយមាន "កិច្ចសន្យាការងារមានថេរវេលាមិនកំណត់"  គឺរយ:ពេលសាកល្បង ២០ឆ្នាំ ដោយគិត ចាត់ពីថ្ងៃទី០១ ខែ១២ ឆ្នាំ២០១១ ដល់ ថ្ងៃទី០១ ខែ១២ ឆ្នាំ២០៣១។ កិច្ចសន្យា នេះធ្វើឡើងរវាងស្ត្រី លឹម សម្បត្តិ ជានិយោជិត ជាមួយម្ចាស់ហាង អ្នកស្រី ផាង បុប្ផា អាយុ៣៥ឆ្នាំ ដែលមានប្ដីឈ្មោះ លី ហេង។
ប្ដីស្ដ្រីរូបនោះបានអះអាងថា ប្រពន្ធខ្លួនបាន លាឈប់បម្រើការងារពីហាងស៊ីធីជែម តាមរយ:ការជូន ដំណឹងប្រមាណជាជាងមួយខែ មុនពេលមានការប្ដឹងផ្តល់នោះ។ ព្រោះក្នុងកិច្ចសន្យាក្នុងប្រការ២ ថា មុននឹងឈប់ពីការងារ នេះត្រូវប្រាប់ភាគី ខាងនិយោជក ឲ្យបានដឹងមុន១ខែ ទើបអាចឈប់បាន។ លុះនៅថ្ងៃទី១៣ កុម្ភះ កម្លាំងកងវាជអាវុធហត្ថខេត្ត នៃការិយាល័យស្រាវជ្រាវព្រហ្មទណ្ឌ បានចុះ ទៅនាំខ្លួនប្រពន្ធគាត់ ខណ:ដែលនាងកំពុងធ្វើការ រួចបញ្ជូនទៅពន្ធនាគារខេត្ត។ ការចាប់ ខ្លួនខាង លើនេះ គឺធ្វើតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ចៅក្រមសាលាដំបូង ខេត្តសៀមរាប អ៊ិត សុធា ។
ចំពោះដើមហេតុដែលនាំឲ្យមានការនាំខ្លួននោះ ផ្ដើមចេញពីការប្ដឹងរបស់ លោក លី ហេង និងប្រពន្ធ ឈ្មោះ ផាង បុប្ផា ជាម្ចាស់ហាងលក់ វត្ថុអនុស្សាវរីយ៍ មានយីហោ ស៊ីធីជែម (City Gems) កាលពីថ្ងៃ ទី២១ មករា ឆ្នាំ២០១៣ ក្រោយពេលដែលជនជាប់ចោទបាន សុំលាឈប់ពីការងារ ជាអ្នកលក់នៅ ហាងខាងលើ។ ប្ដីរបស់ស្ដ្រី លឹម សម្បត្តិ បានបញ្ជាក់ថា ប្រពន្ធរបស់គាត់ សុំឈប់ពីការងារ នៅ កន្លែងនោះ ដោយមានការហត់នឿយនិងការងារនៅទីនោះ និងមានការព្រួយបារម្ភចំពោះ សុវត្ថិភាព ផ្ទាល់ខ្លួនផង ហើយរាល់ពេលមានវិវាទជាមួយភ្ញៀវដែលជាអតិថិជនម្ដងៗ ថៅកែហាងមិនបាន នៅដោះស្រាយទេ គឺទុកឲ្យប្រពន្ធគាត់ជាអ្នកចេញមុខដោះស្រាយជំនួស។
ស្វាមីស្ដ្រី លឹម សម្បត្តិ បានបន្ដថា នៅពេលដែលភរិយារបស់គាត់លាឈប់ពីការងារ ថៅកែហាង ស៊ីធីជែម ធ្លាប់គំរាមថា បើហ៊ានឈប់នឹងចាប់ដាក់គុក ទើបពេលនាងឈប់ ក៏មានការប្ដឹងយ៉ាងនេះ។
ប្ដីស្រ្ដី លឹម សម្បត្តិ បាននិយាយទៀតថា រឿងរ៉ាវនេះហាក់មានភាពពុំប្រក្រតី ដោយសារថា ចំណាត់ ការរបស់តុលាការ ក្នុងការចាប់ និងឃុំខ្លួនលើជនជាប់ចោទ ក្នុងរយ:ពេលមួយលឿនពេកហើយ គឺមិនទាន់បានមួយខែផង ស្រាប់តែលោកចៅ ក្រមចេញដីការបង្គាប់ ឲ្យនាំខ្លួនតែម្ដង ដោយមិន ទាន់បានកោះហៅជនជាប់  ចោទមកសាកសួរ និងបំភ្លឺនៅឡើយ។
ម្យ៉ាងអង្គហេតុដែលនាំឲ្យមានការប្ដឹងនោះ ក៍ត្រូវបានដើមបណ្ដឹង ផាង បុប្ផា យកមកប្ដឹង ប្រពន្ធរបស់ ខ្លួន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ពីបទរំលោភសេចក្ដី ទុកចិត្ត និងថតចម្លងឯកសារ កំបាំងវិជ្ជាជីវ:ផងដែរ ពោលគឺអង្គហេតុតែមួយ ជនជាប់ចោទតែម្នាក់ ដើមបណ្ដឹងតែមួយ មានសំណុំ រឿងពីរ។
បុរសជាស្វាមី ថា ចំពោះលោកមេធាវីការពារក្ដីឲ្យជនជាប់ចោទ បាននិងកំពុងស្វះស្វែងតាមផ្លូវច្បាប់ ដោយដាក់ពាក្យបណ្ដឹង ទៅសាលាឧទ្ធរណ៍ ប្ដឹងសុំជនជាប់ចោទឲ្យនៅក្រៅឃុំ។ ហើយរឿងវិវាទ ការងារ នេះ នៅឯមន្ទីរការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវ:ខេត្តសៀមរាប ក៏កំពុងដោះស្រាយ នូវបណ្ដឹង របស់ស្រ្ដី លឹម សម្បត្តិ ដែលប្ដឹងសុំរំលាយកិច្ចសន្យាមានថេរវេលាមិនកំណត់ ធ្វើឡើកាល ពី ថ្ងៃ ទី០១ ខែ១២ ឆ្នាំ២០១១ ជាមួយនឹងអ្នកស្រី ផាង បុប្ផា។
ចំពោះកិច្ចសន្យានេះ ក្រុមអ្នកច្បាប់និយាយថា ជាកិច្ចសន្យាដែលធ្វើឡើងដោយផ្ទុយពីច្បាប់ ការងារនៃ ព្រះរាជាណាចក្រកម្ពុជា ព្រោះរាល់កិច្ចសន្យាការងារបានចែងថា មិនឲ្យលើសពីរយ: ពេល ពីរឆ្នាំ។ ប៉ុន្តែកិច្ចសន្យារវាង និយោជក និងនិយោជិត គឺរយ:ពេលសាកល្បង ២០ឆ្នាំ ឆ្នាំ២០១១ ដល់ ឆ្នាំ២០៣១។ បើតាមសម្ដីប្ដីស្ដ្រី លឹម សម្បត្តិ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ ជាបុគ្គលិកឆ្នើមម្នាក់ ព្រោះ ក្នុងកិច្ចការលក់ដូរវត្ថុអនុស្សាវរីយ បែបនេះ គេអាចនិយាយបាន ៥ភាសាឯណោះ។
សូមបញ្ជាក់ថា កំឡុងខែសីហា ឆ្នាំ២០១២កន្លងទៅ នៅហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ CITY GEMS មួយនេះ ត្រូវបានជនជាតិហ្វីលីពីនឈ្មោះ Filibertos Alguiros ដែលចូលមក ប្រទេសកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរ បានចូលទិញគ្រឿងអលង្ការជាច្រើន ដែលគ្រឿងអលង្ការទាំងអស់នោះ រួមមាន ចិញ្ចៀនត្បូងពណ៌ស (ពេជ្រ) ១វង់, ក្រវិល ៤គូ, ខ្សែកពណ៌មាស ២ខ្សែ សរុបជាទឹកប្រាក់ ស្មើនឹង ២៧.៨០០ដុល្លារអាមេរិក។ ក្រោយទិញហើយ និងយកទៅឲ្យអ្នកស្គាល់គ្នាមើល នៅហ្វីលីពីន ទើបដឹងថា គ្រឿងអលង្ការ សុទ្ធតែជារបស់ក្លែងក្លាយទាំងអស់។
ក្រោយពីដឹងថាចាញ់បោក ម្ចាស់ហាងនេះ លក់របស់ក្លែងក្លាយឲ្យខ្លូន ជនរងគ្រោះបានដាក់ ពាក្យ បណ្ដឹង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២កន្លងទៅ តាមរយៈស្ថានទូតហ្វីលីពីន ទៅក្រសួង ទេសចរណ៍ ដើម្បីសុំជួយអន្ដរាគមន៍។ ហើយក្រសួងទេសចរណ៍ ក៏ចាត់តាំងឲ្យមន្ដ្រីរបស់ខ្លួន ចុះមកដោះ ស្រាយ។ ដោយដឹងពីកំហុស និងអាចត្រូវប្រឈមចំពោះមុខច្បាប់ ថៅកែឈ្មោះ លី ហេង និងប្រពន្ធ ផាង បុប្ផា បានប្រគល់ប្រាក់ចំនួន ២៧.៨០០ដុល្លារ និងប្រាក់សោហ៊ុយផ្សេងៗ ទៅឲ្យជនរងគ្រោះវិញ ជាការបញ្ចប់រឿង។
ក្រៅពីការអំពាវនាវសុំឲ្យមានភាពយុត្តិធម៌ នៅក្នុងដំណើររឿងក្ដីនេះ ប្ដីរបស់ស្ដ្រីជាប់ចោទ បានបន្ថែមថា ដោយទឹកដីសៀមរាប ជាទឹកដីដ៏សក្ដិ័សិទ្ធិ ពិសេសមាន លោកយាយទេព ព្រះអង្គចេក ព្រះអង្គចម ជាសាក្សី លោកបានទៅដុតធុប បន់ស្រន់ សុំឲ្យវត្ថុសក្ដិ៍សិទ្ធិទាំងនោះ ជួយរក្សាការពារកូនចៅ ដែលជាជនជាប់ចោទ និងទទួលបាននូវយុត្តិធម៌ផង៕

Recent Posts