ភ្នំពេញ​ ៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នាម​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ​ឆ្នាំ​២០១៣​នេះ​ នៅ​វិមាន​រដ្ឋសភា ​បាន​អនុញ្ញាត​ឲ្យ​លោក វ្ល៉ា​ឌី​មៀ ហាល​ហ្គាស​(Vladimir Halgas) ​ចូល​សំដែង​ការគួរសម​ និង​ថ្វាយ​សារតាំង​ ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​តែងតាំង​ថ្មី ជា​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី ប្រចាំ​នៅ​កម្ពុជា។
ប្រធាន​ខុទ្ទកាល័យ​សម្តេច​ប្រធានរដ្ឋសភា លោក គាំ​ម កុសល បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា លោក​ទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​បាន​ថ្លែងអំណរគុណ​សម្តេច ដែល​បាន​ឲ្យ​លោក​ចូលជួប​ជួន​សារតាំង​នាពេលនេះ។ លោក​បាន​ជំរាបជូន​ថា ប្រទេស​ស្លូវ៉ាគី​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ជា​យូរ​មក​ហើយ តាមរយៈ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​គ្នា​ទៅវិញទៅមក រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ក៏ដូចជា​ព្រះមហាក្សត្រ​ផងដែរ។ មួយវិញទៀត ក្នុងឋានៈ​លោក​ត្រូវបានតែងតាំង​ជា​ឯក​រដ្ឋទូត លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ជំរុញ​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។ ក្នុង​ឋានៈ​លោក​ជា​អ្នកការទូត​នេះ​ដែរ លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​បង្កើន​នូវ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​នានា​របស់​កម្ពុជា និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា ធ្វើយ៉ាងណា​ឲ្យ​កិច្ច​សហ​ប្រតិការ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត។ ក្នុងនោះដែរ លោក​ក៏​សុំ​ការគាំទ្រ​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា ពិសេស​ពី​សម្តេចអគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ឲ្យ​កិច្ច​ការងារ​ការទូត​របស់​លោក​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ។
ក្នុងនាម​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​លោក វ្ល៉ា​ឌី​មៀ ហាល​ហ្គា​ស៏​(Vladimir Halgas)ដែល​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​នេះ លោក​នឹង​ជំរុញ​ឲ្យ​ទំនាក់ទំនង​ការទូត​ពាណិជ្ជកម្ម និង​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត។
សម្តេច​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ដោយ​បាន​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ឥត​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តាមរយៈ​ការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅវិញទៅមក។ ក្នុង​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​នេះ​ដែរ សម្តេច​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​កន្លងមក។ សម្តេច​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី ដែល​បាន​គាំទ្រ​កម្ពុជា​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​បោះឆ្នោត​កាលពី​ឆ្នាំ​២០០៩ នៅ​ទីក្រុង​ប៉ារីស។ សម្តេច បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​ទាំងឡាយ​របស់​ប្រជាជន​ស្លូ​វ៉ា​គី សម្រេចបាន​នៅក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នាក់ៗ​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​បាន​បន្ត​ថែរក្សា​ពូន​ជ្រុំ ចំណងមិត្តភាព សាមគ្គីភាព ដ៏​កក់ក្តៅ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ស្លូ​វ៉ា​គី ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ក្នុង​តំបន់​និង​ពិភពលោក៕

Recent Posts