សៀមរាប ៖ កាលពី​វេលា​ម៉ោង ២ និង ២៥នាទី ឈាន​ចូល​ថ្ងៃទី២៧ កុ​ម្ភៈ ឆ្នាំ២០១៣ ក្រុម​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សៀមរាប សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ នគរបាល​ខេត្ត ស្រុក និង ផ្នែក​សឹក​រង​ស្រុក​ពួក ព្រមទាំង​នគរបាល នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាប​បាន​ទាន់​ពេល​វេលា​នូវ​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង ខុសច្បាប់ នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ៦ ស្ថិតនៅ​ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប ។
តាម ​ការ​បញ្ជាក់​របស់​មន្ត្រី​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹក​ថា  នៅ​ពេល​ដែល​​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ សៀមរាប បាន​ចុះ​ល្បាត​បង្ក្រាប​បទល្មើស​ព្រៃឈើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ក៏បាន​ជួបប្រទះ​រថយន្ត ០១គ្រឿង ម៉ាក ហ៊ី​ណូ ចង្កូត​ស្តាំ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង ៣A ០៧១៥ ដែល​ធ្វើដំណើរ​មកពី​ទិស​ខាងលិច ឆ្ពោះ​ទៅ​កាន់​ក្រុង សៀមរាប ដោយ​ឈប់​​ចត​នៅ​ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ដោយ​រថយន្ត​​នោះ​​បែក​ប៉ា​ដាង​កង់ មិន អាច​បន្ត​ដំណើរ​ទៅមុខ​មិន​រួច បណ្តាល​មកពី​ការ​ផ្ទុក​លើស​ទម្ងន់ ហើយ​ត្រូវ​ធ្វើ​ការ​ជួសជុល ។ តែ​ដោយមាន​ការសង្ស័យ របស់ ក្រុម​សមត្ថកិច្ច​ខ័​ណ្ឌ​រដ្ឋបាល ព្រៃឈើ ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ នគរបាល​ខេត្ត ស្រុក និង ផ្នែក សឹក​រង​ស្រុក​ពួក ព្រមទាំង នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ និង ការអនុញ្ញាត​ពី​ព្រះរាជ អាជ្ញា​ផង​នោះ សមត្ថកិច្ច​បាន​ធ្វើ​ការ​​ត្រួតពិនិត្យ និង ឆែកឆេរ ក៏បាន​ប្រទះឃើញ​ឈើ​ក្រញូង​ជាច្រើន​ដុំ ដាក់​នៅ​ពីលើ បន្ទះ​ម្នាងសិលា ដោយ គ្រប​តង់​ពីលើ  ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ ដោយ​មិនបាន​ប្រុង ប្រយ័ត្ន​ផង​នោះ បាន​ធ្វើ​ឲ្យ​អ្នកបើកបរ និង ព្រូ​រថយន្ត បាន​រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​រថយន្ត​បាត់ស្រមោល​តែម្តង ។ សូម ​បញ្ជាក់​ថា រថយន្ត​នេះ​មាន​ផ្ទុក​ទំនិញ គ្រឿងសំណង់​យក​ទៅ​ដាក់​ឲ្យ​ក្រុមហ៊ុន​ណាមួយ​នៅ​ក្រុង​សៀមរាប ។ តែ​នេះ​ជា​ការ ឆ្លៀតឱកាស​របស់​អ្នកបើកបរ​រថយន្ត ដោយ​ស្មានថា​ក្រុម​សមត្ថកិច្ច​​មិន​ចាប់​អារម្មណ៍​ពី​ការ​ផ្ទុក​ទំនិញ​របស់​ ខ្លួន​។
ក្នុង​ការ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ឈើ​គ្រញូង ចំនួន ១៨៥ដុំ ដែល​ឈើ​បន្ទះៗ មាន ប្រវែង ០,៧០ម ទៅ ១,០០ម មាន​កម្រាស់ ពី០,០៤ម ទៅ ០,០៧ម បាន​ដាក់​តម្រៀប​នៅ​ពីលើ​បន្ទះ​ម្នាងសិលា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើ​​កំណត់ហេតុ ដើម្បី​បញ្ជូន​ទាំង​រថយន្ត និង វត្ថុតាង ទៅ​រក្សាទុក​នៅ​ស្ថានីយ៍​ថ្នាល បណ្តុះ​កូនឈើ របស់​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប នៅ​ភូមិ​កំ​ព្រំ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់ រថយន្ត​ចូលខ្លួន​មក ដោះស្រាយ​ចំពោះមុខ​ច្បាប់​ផងដែរ ៕ 

Recent Posts