កំពត ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន អាវុធហត្ថ នគរបាល និងរដ្ឋបាលព្រៃឈើ ព្រមទាំងមានការចូលរួម ពីកម្លាំងអាជ្ញាធរ មូលដ្ឋាន កាលពីវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ បាន ចុះបង្ក្រាបនិងរឹបអូសឈើជាង១០ម៉ែត្រគូប ដែលឈ្មួញបានលាក់ទុកក្នុងវីឡាមួយ ដ៏ស្កឹមស្កៃ ក្នុងខេត្តកំពត ។
ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្ដកំពត លោក ខៃ សម្ផស្ស ស្ថិតនៅផ្ទះឈ្មួញ ក្នុងភូមិកំពង់ បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ឈ្មួញដែលរកស៊ីឈើប្រភេទគគីរ ហើយលួចលាក់ក្នុងរោងមួយ នៅក្នុងផ្ទះវីឡាមួយ មានឈ្មោះ ទេព កុសលជាប្ដី អាយុជាង ៤០ឆ្នាំ ប៉ុន្ដែបានរត់គេចខ្លួនបាត់ ខណៈដែលប្រពន្ធឈ្មោះ គង់ មី អាយុជាង ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
បើតាមសមត្ថកិច្ចឈើជាង ១០ម៉ែត្រគូប ត្រូវបានរឹបអូស និងធ្វើកំណត់ហេតុ ប៉ុន្ដែមិនទាន់ដឹងថា ស្ដ្រីជាភរិយារបស់ឈ្មួញខាងលើ ត្រូវបានសមត្ថកិច្ចដោះលែងមកវិញ តែត្រូវរងការពិន័យប្រាក់ជាច្រើន ៕
ដោយ៖ ដើមអម្ពិល
Categories:
ព័តមានជាតិ