ក្រុង កេតតាៈ ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​បំផ្លិច​បំផ្លាញ​លើ ​មូស្លីម​និកាយ​ស៊ីអ៊ីត​នៅ​ប៉ាគីស្ថាន​ភាគ​និរតី​បាន​ឡើង​ដល់​៨១​នាក់ ខណៈ​សហគមន៍​នេះ គំរាម​ធ្វើ​ការ​តវ៉ា​បើ​សិន​ជា​គេ​មិន​ចាត់​វិធាន​ការ​ឆាប់​រហ័ស ប្រឆាំង​នឹង​ក្រុម​ឃាតក​ទេ​។
គ្រាប់​បែក​ដែល​ផ្ទុក​គ្រឿង​ផ្ទុះ​ជិត​មួយ​តោន ដែល​គេ​បង្កប់​ក្នុង​ស៊ី​ទែន​ទឹក​រថយន្ត​មួយ​គ្រឿង បាន​ផ្ទុះ​បំផ្លាញ​ផ្សារ​ដ៏​មមា​ញឹក​មួយ​នៅ​ទី​ប្រជុំជន​ហាហ្សារា តំបន់​ដែល​មាន​និកាយ​ស៊ីអ៊ីត​ភាគ​ច្រើន​នា ជាយ​ក្រុង​កេតតា​រដ្ឋធានី​នៃ​ខេត្ត បាលូ​ជីស្ថាន​កាល​ពី​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។
លោក Wazir Khan Nasir មន្រ្តី​ប៉ូលិស​ជាន់​ខ្ពស់​បាន​ប្រាប់ AFP ថា​ចំនួន​អ្នក​ស្លាប់​ពី​ការ​ផ្ទុះ​ដែល​បាន​ឡើង​ដល់​៨១​នាក់​រី​ឯ​១៧៨​នាក់​ ទៀត បាន​រង​របួស​និង​បាន​បំផ្លាញ​អគារ​កម្ពស់​ពីរ​ជាន់​នៅ​ក្បែរ​នោះ​មួយ។
ខេត្ត​បាលូ​ជីស្ថាន​កាន់​តែ​ក្លាយ​ជា​ចំណុច​អំពើ​ហិង្សា​មួយ​សម្រាប់​ អំពើ​ហិង្សា​និកាយ​កើន​ឡើង រវាង មូស្លីម​និកាយ​ស៊ុននី​ភាគ​ច្រើន​របស់​ប៉ាគីស្ថាន និង​និ​កាយ​ស៊ីអ៊ីត ដែល​មាន​ប្រមាណ​១/៥​នៃ​ពលរដ្ឋ​១៨០​លាន​នាក់​នៃ​ប្រទេស​នេះ​។

ការ​វាយ​ប្រហារ​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ខាង​និកាយ​ប៉ាគីស្ថាន ​ក្នុង​ឆ្នាំ​នេះ​ឡើង​ដល់​ជិត​២០០​នាក់ ប្រៀប​ធៀប​នឹង​ជាង​៤០០​នាក់​ក្នុង​ឆ្នាំ​២០១២ ជា​ឆ្នាំ​មួយ​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ពណ៌នា​ថា​ជា​ការ​ស្លាប់​ច្រើន​បំផុត​ នៃ​និកាយ​ស៊ីអ៊ីត​។
នេះ​គឺជា​ការ​វាយ​ប្រហារ​ធំ​ទី​ពីរ​លើ​និកាយ​ស៊ីអ៊ីត​នៅ​ក្រុង​កេតតា​ ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ពីរ​ក្នុង​ក្លិប​ស្នូក​ឃើរ​នៅ​ ក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​១០​មករា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៩២​នាក់ ជា​ការ​វាយ​ប្រហារ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​លើ​សហគមន៍​នេះ​នៅ​ ប៉ាគីស្ថាន​។
ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​ហាហ្សារ៉ា លោក​អាហ្វីហ៊្សូ​ឡះហា ហ្សារ៉ា កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ទុក​ពេល​៤៨​ម៉ោង​ឲ្យ​អភិបាល​ខេត្ត​នេះ​ចាប់​ផ្តើម​ ប្រតិបត្តិការ​គោល​ដៅ​ប្រឆាំង​នឹង​ក្រុម​ឃាតក បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ចាប់​ផ្តើម​តវ៉ា​។
ស្នង​ការ​ខេត្ត​លោក Akbar Hussain Durrani បាន​និយាយ​ថា​អ្នក​ស្លាប់ និង​អ្នក​របួស រួម​មាន​ស្រ្តី និង​ក្មេងៗ បន្ទាប់​ពី​ត្រូវ​ទាញ​ចេញ​ពី​ក្រោម​គំនរ​បាក់​បែក​។
ប្រធាន​សន្និសីទ​ស៊ីអ៊ីត លោក Daud Agha បាន​ប៉ាន់​ស្មាន​ថា​ស្លាប់​មាន​៨៣​នាក់ ហើយ​អ្នក​រង​របួស​១៩៤​នាក់​។

Recent Posts