ដាម៉ាសៈ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍បំផ្ទុះ គ្រាប់បែកអត្តឃាតក្នុងរថយន្ត ក្នុងទីក្រុងដាម៉ាស កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅនេះ ដែលបានបណ្តាលឲ្យមនុស្ស ៣៥នាក់ស្លាប់។ នេះបើយោង តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Sama របស់រដ្ឋាភិបាលដោយដកស្រង់ប្រភពព័ត៌មានពីមន្ទីរពេទ្យ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា មនុស្សចំនួន ២៣៧នាក់ ផ្សេងទៀត ត្រូវរងរបួស ដោយក្នុងចំណោមនោះ មានជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមភ្នាក់ងារព័ត៌មាន និងសាក្សី បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ អ្នកធ្វើអត្តឃាត បាន បំផ្ទុះខ្លួនឯងក្នុងរថយន្ត ក្នុងតំបន់ ដែលមានមនុស្សកកកុញ ក្នុងភាគកណ្តាល នៃស្រុក al-Mazraa ដែលស្ថិត នៅក្បែរវិថី Thawra ។
ភ្នាក់ងារទូរទស្សន៍ បានចាក់ផ្សាយបង្ហាញពីស្ថានភាពក្នុងតំបន់ដែលរងការវាយប្រហារ ព្រមទាំងបានបង្ហាញនូវ រូបភាព នៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមទាំងការស្លាប់របស់ជនរងគ្រោះផងដែរ។ សាកសពមនុស្ស ដែលឆេះ ខ្លោច នៅរាយប៉ាយ ខណៈដែលអ្នកពន្លត់អគ្គិភ័យ និងក្រុមគ្រូពេទ្យ កំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះ។
បន្ទាប់ពីមានការវាយប្រហារនេះ អាជ្ញាធរក្នុងតំបន់ បានចាប់ខ្លួនជនសង្ស័យផ្សេងទៀត ដែលបានបើករថយន្ត ភ្ជាប់ជាមួយការបង្កប់គ្រាប់បែក ទៅកាន់តំបន់ដូចគ្នា។
ការវាយប្រហារដោយគ្រាប់បែក និងកាំភ្លើង កំពុងកើនឡើងយ៉ាងខ្លាំងក្នុងប្រទេស ស៊ីរី ខណៈដែលក្រុមបះបោរ ដែលមានក្រុមអាល់កៃដានៅពីក្រោយខ្នង បានបង្កើនការវាយប្រហាររបស់ខ្លួន ដើម្បីផ្តួលរំលំអំណាចរបស់រដ្ឋា ភិបាល៕
Categories:
ព័តមានអន្តរជាតិ