ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់មួយបង្កឡើង ដោយសាររថយន្តម៉ាក កូរ៉ឡា ពណ៌ស្លែ បើកបរដោយ បុរសម្នាក់ តាមបណ្តោយផ្លូវ២៧១ លុះបើក មកដល់ផ្លូវចូល ខ្លោងទ្វារវត្តសន្សំកុសល ស្រាប់តែបុកគ្នា ជាមួយម៉ូតូវីវ៉ា មួយ គ្រឿងទៀត ដែលជិះដោយបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ត្រូវ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ កាលពី វេលាម៉ោង ២២និង១៥នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចមុខវត្តសន្សំកុសល តាមបណ្តោយ ផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពពត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2E-7387 បើកបរក្នុងទិស ដៅពីត្បូងទៅជើង តាមផ្លូវ២៧១ ខណៈមកដល់ចំណុចមកវត្តសន្សំកុសល រថយន្តបានទាញចង្កូតបត់ ចូលតាមខ្លោងទ្វារវត្ត ខណៈនោះក៏បាន បុកម៉ូតូវីវ៉ាមួយគ្រឿង ពណ៌ខ្មៅ ជិះដោយបុរស ម្នាក់ ពេញទំហឹង បណ្តាលឲ្យម៉ូតូគាបជាប់និងក្បាលរថយន្ត និងម្ចាស់ម៉ូតូត្រូវរងរបួសធ្ងន់ធ្ងរ។
បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកម៉ូតូរបស់ជនរង គ្រោះនិងរថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕
Categories:
ព័តមានជាតិ