ព្រះវិហារ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣២​នាទី​យប់​ថ្ងៃទី​១៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៣​មាន​កើត​ហេតុ​ការណ៍​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ក្នុង​ដីទ្បូតិ៍​១​កន្លែង​ស្ថិត​នៅ​ភូមិ​គោក​ បេង ​សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះវិហារ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​ដែល​កំពុងតែ​ដេក​លង់លក់​ក្នុង​ពេល​រាត្រី។

ហេតុការណ៍ ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ក៏​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ និង​កងរាជអាវុធហត្ថ​បាននាំគ្នា​ចុះជួយ​អន្តរាគមន៍​ក្នុង​នោះ​ឃើញ​មាន​ វត្តមាន​លោក​ស៊ី​គិរី​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ចុះ​បញ្ជា​ផ្ទាល់​ឲ្យ​ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ​នោះ។
ដោយ ​ទីតាំង​ផ្ទះ​កើតហេតុ​នៅ​ជ្រៅ​ពី​ផ្លូវ​កៅស៊ូ​ហើយ​មាន​ផ្លូវ​ចូល​ទៅ​ផ្ទះ​ លំបាក​ក្នុង​ការ​បើក​រថយន្ដ​ពន្លត់អគ្គីភ័យ​ចូល​ទៀត​នោះ​ធ្វើ​ឲ្យ​ អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ទាំងមូល​ទៅ​ជា​គំនរ​ផេះ ​ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​ខ្នះខ្នែង​ជួយ​បាញ់​ទឹក​ពន្លត់​ពី​ខាង​ ក្រៅរបង​មុខ​ផ្ទះ​ជា​លទ្ធផល​អណ្ដាតភ្លើង​បាន​រលត់​អស់​ទៅវិញ​នៅ​វេលា​ម៉ោង​ ១២​និង​៣៨​នាទី​ឈាន​ចូល​ថ្ងៃទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
ស្ដ្រី ​មេម៉ាយ​កូន​២​ជា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ពៅ​សុខន​អាយុ​៣២​ឆ្នាំ​បាន​ឲ្យ​ អ្នក​សារព័ត៌មាន​ដឹង​នៅ​យប់​កើតហេតុ​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ ឆាបឆេះ​ផ្ទះ​របស់​គាត់​គឺ​ផ្ដើម​ឆេះ​ពី​ទិស​ខាងជើង​ជាប់​ទ្រុងមាន់​របស់​ គាត់​ ពេលនោះ​គាត់​ព្រមទាំង​កូន​២​នាក់​ភ័យ​ស្លន់ស្លោ​រត់គេច​ចេញពី​ក្នុងផ្ទះ​ ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ​តែ​សំណាង​មិនល្អ​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ មិន​មាន​ទឹក​នៅក្នុង​ពាង​ឬ​អាង​ដង​ជញ្ជូន​យក​មក​ជួយ​ពន្លត់ភ្លើង​កំពុង​ ឆាបឆេះ​បាន​ទាន់​ពេល​វេលា​នោះទេ។
ស្ដ្រី ​រូប​នេះ​បន្ដ​ទៀតថា​គាត់​មិនបាន​ធ្វេសប្រហែស​ឲ្យ​មាន​ងងើក​ភ្លើងចង្ក្រាន​ នោះ​ទេ​ ជា​រៀងរាល់ថ្ងៃ​គាត់​ដាំបាយ​នឹង​ភ្លើងអគ្គិសនី​ចំណែក​ខ្សែភ្លើង​អគ្គិសនី​ក៏ ​មិនមាន​ទុស្សេ​អ្វី​ដែរ​គឺ​គាត់​បាន​ដាក់​ការសង្ស័យ​មាន​មនុស្ស​ឈ្នានីស​ លួច​ដុត​តែម្ដង។ គាត់​និយាយថា​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដែល​បាត់បង់​មាន​ចំនួន​៩០០​ដុល្លារ​ អាមេរិក​លុយ​ខ្មែរ​ចំនួន​១​លាន​៥​សែន​រៀល​និង​គ្រឿង​អលង្ការ​ប្លាទីន​ទម្ងន់ ​៤​ជី​ ហើយ​​សម្ភារៈ​យក​បាន​ទាន់​ពេលវេលា​រួមមាន​គ្រែ​ដេក​ចំនួន​២​ទូរទស្សន៍​១​ គ្រឿង​និង​ភួយ​មុង​កន្ទេល​ខ្នើយ​ព្រមទាំង​ឯកសារ​មួយចំនួន។
ចំណែក ​ផ្ទះ​ទំហំ​៩​ម៉ែត្រ​គុណ​៤​ម៉ែត្រ​និង​ផ្ទះបាយ​៤​ម៉ែត្រ​គុណ​៣​ម៉ែត្រ​ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្ទេចខ្ទី​គ្មាន​ សល់។
លោក ​គង់គា​អធិការ​នគរបាល​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​​២០១៣​ថា​ហេតុ​ការណ៍​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​មិនទាន់​ដឹង​ពី​មូលហេតុ​ ពិតប្រាកដ​នៅ​ឡើយ​ទេ​គឺ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបសួរ​ស្ត្រី​ ម្ចាស់ផ្ទះ​ចំពោះ​ការ​អះអាង​ថា​មាន​មនុស្ស​ឈ្នានីស​លួច​ដុត​បំផ្លាញ​នោះ​ មន្ត្រី​ជំនាញ​នឹង​បើក​ការ​ស៊ើបអង្កេត​វែក​រកមុខ​ជនល្មើស៕
b

Recent Posts