ខេត្តប៉ៃលិន ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានចាប់ឃាត់ខ្លួនបុរស២នាក់ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ពីបទប្រើអំពើហិង្សានិងបង្ករបួសស្នាមដោយចេតនា ដោយនាំគ្នា ច្របាច់ក អ្នកចាក់ធុងបាស់ និងអ្នកលេងអ៊កកាដង់ ព្រមទាំងយកកៅអីជ័រវាយក្បាល បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួន ។ ជនរងគ្រោះត្រូវបានមិត្តភក្តិបញ្ជូន តាមរថយន្តទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត ដេរអស់១៥ថ្នេរ ចំណែកប្អូនប្រុស ជនរងគ្រោះម្នាក់ ត្រូវគេវាយមួយដៃចំគល់ថ្គាមផ្នែកខាងឆ្វេង បណ្តាលឱ្យក្អួតចេញឈាម ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ព្រមទាំងអ្នកចម្រៀង និងអ្នកលេងភ្លេង មួយចំនួន ទៀតរងរបួសស្រាល ។ ករណីនេះកើតឡើង ដោយសារជម្លោះពាក្យសម្តីពីរឿង លេងភ្លេងចប់មិនព្រមឱ្យលុយ និងបង្ខំឱ្យច្រៀងហួសម៉ោងកំណត់ ។
ជម្លោះរវាងម្ចាស់កម្មវិធី និងក្រុមអ្នកលេងភ្លេងនេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ កុម្ភៈ ២០១៣ នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ជនរងគ្រោះមាន១-ឈ្មោះអ៊ូ ហៀ ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចាក់ធុងបាស់និងជាអ្នកលេងឧបករណ៍អ៊កកាដង់ រងរបួសក្បាលផ្នែកខាងក្រោយដេរ១៥ថ្នេរ និងរបួសជាំពេញមុខ ២-ឈ្មោះប៊ូ សាមិត្ត អាយុ១៨ឆ្នាំ រងរបួសគល់ថ្គាមផ្នែកខាងឆ្វេងធ្ងន់ ត្រូវជាប្អូនជនរងគ្រោះទី១ ហើយទាំងអស់គ្នារស់នៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ចំណែកជនដៃដល់ពីរនាក់ ដែលត្រូវចាប់ខ្លួនម្នាក់ឈ្មោះយុង កុក ភេទប្រុស អាយុ៤២ឆ្នាំ និងម្នាក់ទៀតឈ្មោះលាង គង់ ហៅរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ព្រមទាំងបក្សពួកជាង២០នាក់ទៀត បានចូលរួមវាយអ្នកលេងភ្លេង ។
ប្រភពព័ត៌មានពីនារីអ្នកចម្រៀងឈ្មោះជា ពិសី អាយុ២១ឆ្នាំ រៀបរាប់ថា នៅមុនពេលកើតហេតុ បុរសជនដៃដល់ឈ្មោះយុង កុក បានធ្វើពិធីបង្កក់កូនប្រុសរបស់ខ្លួន ហើយជួលក្រុមភ្លេង និងអ្នកចម្រៀងចំនួន៦នាក់ (ស្រី៥នាក់ ប្រុសម្នាក់) រួមទាំងអ្នកចាក់ធុងបាស់ប្រុស ម្នាក់ទៀត ក្នុងតម្លៃ៣៥០ដុល្លារ ដោយប្រាប់ឱ្យចាក់បាស ់លេងអ៊កកាដង់ និងច្រៀងចាប់ពីល្ងាចរហូតដល់ម៉ោង១១យប់ ទើបចប់អាចឈប់សម្រាកបាន។ នារីអ្នកចម្រៀងតាមជនបទរូបនេះបន្តទៀតថា លុះច្រៀងរហូតដល់ម៉ោង១១យប់ហើយ ខាងម្ចាស់កម្មវិធីនៅតែកម្មង់បទចម្រៀងឱ្យពួកនាងលេងថែមទៀត ។ ពេលនោះម្ចាស់កម្មវិធីឈ្មោះយុង កុក បានឱ្យពួកនាងលេងបទរាំវង់ តែមានបក្សពួករបស់គាត់ស្រែកឱ្យពួកនាងច្រៀងបទញាក់បន្តទៀត ហើយក៏បានឱ្យលុយធីបទៅនាង១ម៉ឺនរៀល ច្រៀងរហូតដល់៣បទ នៅតែមិនទាន់ឱ្យឈប់ លុះពួកនាងច្រៀងបានបីបទថែមទៀតស្រាប់តែអ្នកខ្លះស្រែកឱ្យច្រៀងបទរាំវង់ អ្នកខ្លះបទញាក់ ទើបបានជានាងឈប់ច្រៀង ។
ប្រភពដដែលបន្តទៀតថា ដោយសារនាងចាប់ផ្តើមផ្អាកច្រៀង ស្រាប់តែឈ្មោះយុង កុក ជាម្ចាស់កម្មវិធីឡើងទៅលើឆាករករឿងពួកនាងក៏ត្រូវអ្នកលេងអ៊ក សុំឱ្យចុះក្រោមវិញ ដោយរូបគាត់ទាញដៃឱ្យចុះ ។ ពេលនោះបុរសជនដៃដល់ក៏បានច្របាច់កនិងប្រតាយគ្នា ហើយបងប្អូននិងបក្សពួកជនដៃដល់ជាង២០នាក់ ស្ទុះមកច្រាននាងដួល និងបានសង្កត់អ្នកលេងអ័កដាល់មុខនិងច្របាច់ក រួមបក្សពួកម្នាក់ឈ្មោះលាង គង់ ហៅរ៉ុង បានយកកៅអីជ័រវាយក្បាល២កៅអី បណ្តាលឱ្យបាក់កៅអី បណ្តាលឱ្យជនរងគ្រោះបែកក្បាលផ្នែកខាងក្រោយហូរឈាមស្រោចពេញខ្លួន ។ រីឯប្អូនប្រុសជនរងគ្រោះឈ្មោះប៊ូ សាមិត្ត ឃើញគេព្រួតគ្នាវាយបង ក៏ស្ទុះទៅទាញគេចេញ ត្រូវគេដាល់មួយដៃត្រូវគល់ថ្គាម បណ្តាលឱ្យរបួសធ្ងន់ ។
បន្ទាប់មកពួកនាងទាំង៦នាក់ បាននាំគ្នាឡើងជិះរថយន្តកាមរីដែលដឹកពួកនាងទៅ តែត្រូវពួកគេទាំងអស់នេះរត់ដេញតាមទាញទ្វាររថយន្ត ដើម្បីវាយពួកនាងបន្តទៀត ។ ពេលនោះបានកូនម្ចាស់ធុងបាស់ម្នាក់ឈ្មោះប្រាក់ សុខា ទប់ទ្វាររថយន្តជាប់ ដើម្បីកុំឱ្យគេទាញបើកបាន ហើយអ្នកលេងហ្គីតារឈ្មោះឃីម ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានបើករថយន្តរត់គេច ក្រោយមកក៏ដឹកជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នកខ្លះក៏រត់ទៅប្តឹងសមត្ថកិច្ចឃុំស្ទឹងត្រង់ឱ្យមកជួយអន្តរាគមន៍ ។
ចំណែកប្រភពពីអ្នកចម្រៀងផ្សេងៗទៀតឱ្យដឹងថា មុនពេលកើតហេតុពួកគេបានសួរទៅម្ចាស់កម្មវិធីបង្កក់កូននេះដែរថា ម្តេចបានជាក្នុងកម្មវិធីបង្កក់កូននេះអត់មានហៅសមត្ថកិច្ចមកធ្វើសន្តិសុខ ស្រាប់តែម្ចាស់កម្មវិធីប្រាប់ថា ទឹកដីនេះជាទឹកដីគាត់ ហើយកន្លែងនេះ ជាកន្លែងរបស់គាត់ គ្មាននរណាហ៊ានរករឿងអ្នកចម្រៀងទេ ក្រៅតែពីពួកគាត់នោះ ។ ពេលនោះពួកគេហាក់ដូចជាសង្ស័យថា នឹងអាចត្រូវម្ចាស់កម្មវិធីធ្វើបាប ។ ស្រាប់តែច្រៀងចប់ភ្លាមដល់ម៉ោងទារលុយមិនឱ្យ ដោយនិយាយថា ចាំយកថ្ងៃស្អែក ពេលនោះអ្នកខ្លះទៀតប្រាប់ថាមិនអាចចាំយកថ្ងៃក្រោយបានទេ ព្រោះពួកយើងត្រូវទៅលេងឱ្យគេនៅកន្លែងផ្សេងទៀត ។ ពេលនោះក៏កើតទៅជាទំនាស់បង្កបញ្ហាតែម្តង ។
ទាក់ទិនទៅនឹងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកក៏បានបញ្ជាឱ្យសមត្ថកិច្ចក្រោមបង្គាប់ចំនួន៦នាក់ចុះទៅដល់កន្លែងកើតហេតុនៅព្រឹកថ្ងៃទី២២ កុម្ភៈ ដើម្បីចាប់ជនសង្ស័យយកមកសាកសួរនិងដោះស្រាយ ទៅតាមផ្លូវច្បាប់ ជនរងគ្រោះទាំងពីរនាក់បងប្អូនទាមទារឱ្យបង់ប្រាក់ ចំនួន១ម៉ឺនដុល្លារសងថ្លៃ ជំងឺចិត្តនិងថ្លៃមើលជំងឺ ។ លោកបានបន្តថា ខាងលោកនឹងខិតខំដោះស្រាយបញ្ហាមួយនេះ តែបើមិនអាចទៅរួចមាន តែកសាងសំណុំរឿងបញ្ជូនជនបង្កហេតុទាំងពីរនាក់នេះ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕




Recent Posts