រាជធានីភ្នំពេញ ៖ រថយន្តម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ១២កៅអី ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2O-5724 មួយគ្រឿង បានបើកបោះពួយបុក និងកិនម៉ូតូឆាលីពណ៌ស មានស្លាកលេខ ភ្នំពេញ 1B-1039 មួយគ្រឿងជាប់ពីក្រោម ទាំងព្រឹកបណ្តាលឱ្យសិស្សស្រីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង ៦ និង ៤០នាទីព្រឹក ថ្ងៃទី១៥ កុម្ភៈ នៅមុខស្ថានីយប្រេងឥន្ធនៈកាល់តិច តាមវិថីម៉ៅសេទុង កែងផ្លូវលេខ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
យុវតីរងគ្រោះឈ្មោះឡី សុមាវតី អាយុ១៥ឆ្នាំ មានលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រងរបួសជើងឆ្វេងត្រូវរថយន្តបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។តាមព័ត៌មានឱ្យដឹងថា នៅព្រឹកកើតហេតុនោះរថយន្តម៉ាកសាំយ៉ុងប្រភេទទេសចរណ៍ពណ៌ ទឹកប្រាក់មួយគ្រឿងបើកតាមវិថីម៉ៅសេទុងពីត្បូងទៅជើង ។
ពេលធ្វើដំណើរមកដល់ចំណុចខាងលើបានបើកបត់ ឆ្វេងតាមផ្លូវលេខ២០២ ជ្រុលបុកម៉ូតូឆាលីពណ៌សមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវលេខ ២០២ពីលិចទៅកើតខ្វែងទិសគ្នាហើយកិនម៉ូតូជាប់ពីក្រោមអូស ប្រមាណជា២ម៉ែត្របណ្តាលឱ្យសិស្សស្រីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើករថយន្តបានគេចខ្លួនបាត់់ ។ រថយន្តនិងម៉ូតូត្រូវប៉ូលិសចរាចរខណ្ឌទួលគោកបញ្ជូនទៅអធិការ ដ្ឋានដោះស្រាយតាមច្បាប់ ៕

Recent Posts