ភ្នំពេញ៖ សិក្ខាសាលា ផ្សព្វផ្សាយ និងដាក់ឲ្យ ប្រើប្រាស់នូវ គោលការណ៍ ណែនាំស្តីពីការងារ ស្តារលទ្ធភាព ពលកម្ម កាយសម្បទា បានប្រារព្ធបើកកាល ពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ក្រោមអធិបតីភាព របស់លោកបណ្ឌិត អ៊ិត សំហេង និងដោយមាន ការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរសង្គមកិច្ចខេត្ត និងប្រធានមជ្ឈមណ្ឌល ស្តារលទ្ធភាព ពលកម្មកាយ សម្បទា ទាំង១១ ។
លោក ម៉ា ច័ន្ទណាត ប្រធានរោងចក្រ ផលិតឧបករណ៍ សិប្បនិម្មិត និងរណប មានប្រសាសន៍ថា ដោយមានការជួយឧបត្ថម្ភ ពីអង្គការកាកបាទ ក្រហមអន្តរជាតិ ហៅកាត់ថា ICRC សម្រាប់ការរៀបចំកិច្ច ប្រជុំ ជាមួយមជ្ឈមណ្ឌល ស្តារលទ្ធភាព ពលកម្មកាយ សម្បទាទាំង១១ គឺបានបង្កើត ជាក្រុមការងារ ដើម្បីពិភាក្សា និង សម្រេចបាននូវ ការកសាង ឯកសារជាភាសាអង់គ្លេស និងបកប្រែជាភាសាខ្មែរ ដែលឯកសារទាំងនេះ គឺជាគោល ការណ៍ណែ នាំស្តីពីការងារស្តារ លទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ និងដាក់ឲ្យ ប្រើប្រាស់តាមរយៈសិក្ខាសាលា នាថ្ងៃនេះ ។
លោក ម៉ា ច័ន្ទណាត មានប្រសាសន៍ទៀតថា ក្រុមការងារក៏នឹងមាន គម្រោងចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នៃការអនុវត្តគោលការណ៍ ណែនាំនេះផងដែរ ដើម្បីឆ្លុះបញ្ចាំងអំពី ប្រសិទ្ធភាព នៃការអនុវត្ត និងទទួលព័ត៌មានត្រឡប់ សម្រាប់ការ ធ្វើបច្ចុប្បន្នភាព ។
ថ្លែងនៅក្នុងពិធីបើកសិក្ខា សាលា នេះផងដែរ លោកបណ្ឌិត អ៊ិត សំហេង បានមាន ប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ របស់អង្គការដៃគូនានា ក្នុងការជួយ ឧបត្ថម្ភគាំទ្រ ដើម្បីធ្វើឲ្យសិក្ខាសាលានា ថ្ងៃនេះលេចចេញជារូបរាង ឡើង និងថ្លែងអំណរគុណចំពោះអង្គការ ដៃគូនានា ដែលបាន ផ្តល់នូវឧបករណ៍ទ្រទ្រង់ រាងកាយគ្រប់ប្រភេទ ជូនដល់បងប្អូន ជនពិការ ក្នុងគោលបំណងស្តារ លទ្ធភាពពលកម្ម កាយសម្បទា និងធ្វើឲ្យការរស់នៅរបស់ពួកគាត់កាន់ តែមានលក្ខណៈប្រសើរឡើង ។
លោកបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើវិស័យ ពិការភាព និងស្តារលទ្ធភាពពលកម្ម ព្រមទាំងបានទទួលស្គាល់ អំពីសារៈសំខាន់ និងតម្រូវចាំបាច់នៅ ក្នុងការដាក់ បញ្ចូលវិស័យ ពិការភាពទៅក្នុងការអភិវឌ្ឍ ។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា សិក្ខាសាលា នាថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រឹង សមត្ថភាព ក៏ដូចជា ការកំណត់នូវតួនាទី និងការទទួលខុសត្រូវ របស់បុគ្គលិក ដែលបម្រើការងារក្នុងវិស័យ ស្តារលទ្ធភាព ពលកម្មកាយសម្បទា ជាពិសេស ពង្រឹងគុណភាពនៅ ក្នុងការផ្តល់សេវាជូនបងប្អូនជនពិការ ប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ របស់ពួកគាត់ ។
ជាចុងបញ្ចប់ លោកបណ្ឌិត អ៊ិត សំហេង បានអញ្ជើញប្រគល់សៀវភៅ ដែលជាគោលការណ៍ណែនាំ ស្តីពីការងារស្តារលទ្ធភាព ពលកម្មកាយ សម្បទានៅកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលស្តារ លទ្ធភាពពលកម្មកាយសម្បទាទាំង ១១ ក្នុងឱកាសនោះ ផងដែរ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Recent Posts