ក្រុមចោរប្លន់មួយក្រុម មានគ្នា ៨ នាក់ បានបោះពួយឡានទម្លុះរបងលួសនៃប្រលានយន្តហោះទីក្រុងប្រ៊ុចសែល ប្លន់រថយន្ត Cargo ដែលផ្ទុកទៅដោយពេជ្រ បានដោយជោគជ័យមិនខុសពីឈុតឆាកក្នុងកុនហូលីវូដប៉ុន្មានឡើយ។
ហេតុការណ៍ដ៏អស្ចារ្យនេះកើតឡើងនៅវេលាម៉ោងជិត ៨ ល្ងាច (ម៉ោងនៅបែលហ្ស៊ិក) ខណៈដែលយន្តហោះត្រៀមនាំយកពេជ្រពីទីក្រុងប្រ៊ុចសែលឆ្ពោះទៅកាន់ទីក្រុងហ្សូរីច ប្រទេសស្វីស។ ពេជ្រដែលប្លន់ទៅនោះគឺមានតម្លៃប្រហែល ៥០ លានដុល្លារ។
ទិដ្ឋភាពកន្លែងកើតហេតុនៅព្រឹកថ្ងៃបន្ទាប់
តាមការរៀបរាប់របស់អាជ្ញាធរថា ក្រុមចោរទាំង ៨ នាក់បានស្លៀកពាក់ក្នុងឯកសណ្ឋានស្រដៀងនឹងប៉ូលិស និងមានអាវុធពេញដៃ។ លោក Ine Van Wymersch មកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថា ពីឡុត ជំនួយការ និងសន្តិសុខយាមកាមនៅប្រលានយន្តហោះសុទ្ធតែត្រូវក្រុមចោរភ្ជង់ទាំងអស់។ ក្រោយមក ពួកវា បានចាក់បង្ហូរយកគ្រាប់ពេជ្រតាមរន្ធមួយត្រឹម ៣ នាទីប៉ុណ្ណោះ។
បន្ទាប់ពីប្លន់យកមាសដោយជោគជ័យហើយ ក្រុមចោរបានឡើងជិះរថយន្តទាំងពីររបស់ពួកវា បើកចេញទៅតាមផ្លូវដែលបុកចូលមកវិញដោយសុវត្ថិភាព។
អ្នកនាំពាក្យអាកាសយានដ្ឋានលោក Jan Van der Cruysse បានគូសបញ្ជាក់ថា “នេះជាអំពើប្លន់ដ៏ម៉ត់ចត់ និងរៀបគម្រោងជាមុនស្ទើរតែដូចយោធាទៅហើយ។” មន្ត្រីដដែលបន្តថា គេមិនច្បាស់ថា តើក្រុមចោរដឹងថា មានការផ្ទេរពេជ្រតាមជើងហោះហើររបស់ខ្លួនដោយវិធីណាទេ។ទោះជាយ៉ាងណា មិនមាននរណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍ខាងលើទេ។
សូមបញ្ជាក់ថា ទីក្រុង Antwerp ដែលជាទីក្រុងច្នៃពេជ្រធំបំផុតមួយមានចម្ងាយត្រឹម ៤០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងប្រ៊ុចសែល។
Categories:
ព័តមានអន្តរជាតិ