ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដោយ​មាន​ការ​ប្រញាប់​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពី​ខាងមុខ​របស់ ខ្លួន​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ ខណៈ​កំពុងតែ​វ៉ា​គ្នា​នោះ​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​នោះ​រួច​​ផ្លោង​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ជាប់​អូស​ជាង​១០​ម៉ែត្រ​ផ្ទុះ​កង់​រថយន្ត​ខាង​ក្រោយ​មួយ​គ្រាប់​ខាងឆ្វេង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។ ប៉ុន្តែ​រថយន្ត​ដែល​ប៉ះ​ដំបូង​នោះ​ពុំបាន​ឈប់​ទេ ដោយ​ពុំ​រង​ការ​ខូចខាត​ឡើយ។
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៣​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងមុខ​ព្រលាន​យន្តហោះ​ក្នុងភូមិ​តា​ងួន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។
បើ​យោង​តាម​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ឡោ វុទ្ធី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មាន​មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​រស់​នៅក្នុង​ក្នុងភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង​របួស​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ណៃ​ហ​ត ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AC-6427 ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ជិះ​ម្នាក់ឯង​ រីឯ​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​ខ្ទាត​ទៅ​បុក​នោះ​ម៉ាក​សាំ​យ៉ុង​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-6471 បើកបរ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ច្រាស​ជិត​ជាមួយ​ម៉ូតូ ​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​រថយន្ត​ចោល​ នៅ​នឹងកន្លែង​កើតហេតុ។
នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​​បើកបរ​ក្នុង​ល្បឿន​លឿន​ទិសដៅ ពី​លិចទៅ​កើត លុះដល់​ចំណុច​កើត​ក៏បាន​ជិះ​ឡើង​វ៉ា​រថយន្ត​មួយគ្រឿង​ដែល​នៅ​ពី​ខាងមុខ​របស់​គេ​ ខណៈ​កំពុងតែ ឡើង​វ៉ា​នោះ​ក៏បាន​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជាមួយនឹង​ជញ្ជាំង​រថយន្ត​រួចហើយ​ខ្ទាត​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត​ផ្នែក​កែង​រថយន្ត​ខាងមុខ​មនុស្ស​ជាប់​នឹង​រថយន្ត​អូស​ប្រមាណ​ជាជាង​១០​ម៉ែត្រ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​ កើតហេតុ និង​ម៉ូតូ​បាន​អូស​នឹង​ជញ្ជាំង​រថយន្តបុក​កង​ក្រោយ​ផ្ទុះ​ទើប​ដួល​បោក​ទៅនឹង​ថ្នល់​គ្រាន់តែ​រង​ការ​ខូចខាត​បន្តិចបន្តួច​នោះទេ។
នគរបាល​បាន​បន្តទៀតថា រថយន្ត​ដែល​ម៉ូតូ​ប៉ះ​ដៃចង្កូត​ដំបូង​នោះ​គឺ​ពុំបាន​ឈប់​នោះ​ទេ ពុំ​ព្រោះ​ពុំ​រង​ការខូចខាត បាន​បន្ត​ល្បឿន​ទៅ​ខាង​មុខ​បាត់ ហើយ​ការ​ឈាន​ទៅ​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​រហូត​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បែបនេះ គឺ​ដោយសារ​អ្នកបើកបរ​ទាំងពីរ​ខ្វះ​ការប្រុងប្រយ័ត្ន ម៉ូតូ​បើក​លឿន​ជ្រុល​រហូតដល់​គំនូស​ទ្រូងផ្លូវ​រីឯ រថយន្ត​ក៏​បើក​ស្ទើរតែ​ដល់​គំនូស​ទ្រូងផ្លូវ​ផង​ដែរ ដូច្នេះ​ទាំង​រថយន្ត​ទាំង​ម៉ូតូ​បំពាន​ច្បាប់​ចរាចរ​ទាំងអស់គ្នា។
នគរបាល​បាន​បន្ត​ទៀត​ថា សាកសព​បន្ទាប់ពី​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​រួចរាល់​នោះ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត រីឯ​វត្ថុតាង​ទាំងពីរ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ស្នងការដ្ឋាន នគរបាល​ចរាចរ​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់៕
វិទូ
b

Recent Posts