
ភ្នំពេញ ៖ និស្សិត សកលវិទ្យាល័យន័រតុនបើកម៉ូតូលឿនវ៉ាគេឯងជ្រុលទៅបុករថយន្តកាមរីឆ្លាមចំពីមុខពេញទំហឹង បណ្តាលឲ្យបោកនឹងរថយន្តរងរបួសធ្ងន់ដួលបាក់ឆ្អឹងដងកាំបិត ហូរឈាមជោកខ្លួន។
គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង៨ និង៤០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ តាមបណ្តោយមហាវិថីព្រះនរោត្តមកែង៣៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថាឈ្មោះ ប៉ាន់ សុនរៀន ជានិស្សិតនៅសាកលវិទ្យាល័យន័រជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G- 3423 រងរបួសធ្ងន់ដួលបាក់ឆ្អឹងដងកាំបិត ហូរឈាមជោកខ្លួនបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G 3423 តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ស្របគ្នាជាមួយរថយន្តឡិចស៊ីស៤៥០ ពណ៌ខ្មៅ លុះដល់ចំណុច ផ្លូវកែងលេខ៣៧០កន្លែងកើតហេតុ ជនរងគ្រោះបានបើកវ៉ារថយន្តឡិចស៊ីសក៏ត្រូវ រថយន្តកាមរីឆ្លាម ពណ៌ស្ករ ដែលបើកមកពីខាងមុខ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកនឹងរថយន្ត រងរបួសធ្ងន់ម្នាក់ឯង។
សាក្សីបន្តថាក្រោយពេលកើតហេតុ ម្ចាស់រថយន្តកាមរីឆ្លាម ប្រុងឈប់ទាមទារសំណង ប៉ុន្តែឃើញជនរងគ្រោះរបួសធ្ងន់ បានបើកចេញទៅបាត់។ ជនរងគ្រោះរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចប្រគល់ទៅបងប្អូន យកទៅរក្សាទុក៕