ភ្នំពេញ ៖ ចោរស្រីដៃឆើត លូកហោប៉ៅ យកលុយជនរងគ្រោះ បានចំនួន១០០ដុល្លាររួច យកលុយនោះ ដាក់ចូលទៅក្នុងលីអូ របស់ខ្លួន ត្រូវម្ចាស់ គេឃើញទាន់ ហៅសមត្ថកិច្ចចាប់ ឆែក ធ្លាក់លុយមកក្ដុក ទីបញ្ចាប់ត្រូវចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់។
ហេតុ ការណ៍ចាប់ចោរឆក់នេះ កើតឡើងពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅក្នុងផ្សារ សហគមន៍សែនសុខ ស្ថិត ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធា នីភ្នំពេញ។ ជនដៃដល់ក្នុងអំពើលូកហោប៉ៅនោះមានឈ្មោះ សុខ ស្រីឌី ភេទស្រី អាយុ២១ឆ្នាំ ស្នាក់ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ។ ចំណែកជនរងគ្រោះ មានឈ្មោះ សែម ចន្នី ភេទស្រី អាយុ៣៥ឆ្នាំ សាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។
នគរបាល មូលដ្ឋាន រាយការណ៍មកថា មុនពេលកើតហេតុ ជនរងគ្រោះបាន ចេញពីផ្ទះមក រកទិញម្ដូបនៅផ្សារសែនសុខ ពេលកំពុងឈរតថ្លៃ សាច់គោ ស្រាប់ស្ដ្រីសង្ស័យមកឈរ ជិតដោយដៃខាងឆ្វេងលើកសាច់គោ មកមើល ឯដៃខាងស្ដាំលូកយកលុយពីក្នុងហោប៉ៅ ជនរងគ្រោះ រួចក៍យកលុយនោះទៅទុកក្នុងខោលីអូ របស់ខ្លួន ភ្លាមនោះជនរងគ្រោះ បានក្រឡេកឃើញ ក៍ចាប់ដៃជាប់ ហើយស្រែកថាចោរ ។  បន្ទាប់មកក៍ឃាត់ខ្លួនប្រគល់ ឲ្យនគរបាលសង្កាត់ឃ្មួញតែម្ដង។
បច្ចុប្បន្នស្ដ្រីសង្ស័យរូបនេះ កំពុងត្រូវឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។ 


Recent Posts