សៀមរាប ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាបធ្វើការបង្ក្រាបបានជាបន្តបន្ទាប់នៅពេលដែលក្រុមអាជីវករលក់ដូរនៅក្នុងផ្សារលើធំថ្មីបានរាយការណ៍ផ្តល់ដំណឹងមកឲ្យសមត្ថកិច្ច ខណៈពេលដែលពួកជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពចូលលួចគោទម្លុះទម្លាយទូរយកសម្ភារៈរបស់អាជីវករលក់ដូរ រួចរត់គេចខ្លួនតែចុងក្រោយក៏ត្រូវបានសមត្ថកិច្ចតាមធ្វើការឃាត់ខ្លួនបាននៅក្នុងលំនៅដ្ឋាន។
ករណីធ្វើការបង្ក្រាបចោរលួចមិនរើសមុខនៅក្នុងក្រុងសៀមរាបនេះ បានកើតទ្បើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្សារក្នុងក្រុងសៀមរាប។
លោកអនុសេនីយ៍ ទោ ញ៉ឹក សុផល នាយប៉ុស្តិ៍សង្កាត់ស្លក្រាមបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ ស្លក្រាមចាប់ខ្លួន ១. ឈ្មោះ លិច ជី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅក្នុងភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុងសៀមរាបមុខរបរមិនពិតប្រាកដ ២.ឈ្មោះ សឹង ហុង ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅជាមួយគ្នា ៣.ឈ្មោះកែវ តី ភេទ ប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅជាមួយគ្នា ហើយអ្នកទាំង៣ជាខ្លាំងខាងលួចរបស់កំប៉ិកកំប៉ុកនៅតាមផ្សារនៅក្នុងក្រុងសៀមរាប នេះអឥឡូវនេះអស់លក្ខណ៍ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ស្លក្រាមធ្វើការក្របួច។
ជនសង្ស័យទាំង៣នាក់នេះគេបានសារភាពថាពួកគេទាំង៣នាក់ធ្លាប់បានធ្វើសកម្មភាពលួចជាញឹកញាប់មកហើយនៅតាមផ្សារក្នុងក្រុងសៀមរាប ហើយនៅពេលលួចបានពួកគេយកទៅលក់ឲ្យអ្នកស្រុកស្រែដែលរស់នៅឆ្ងាយ។
លោកអនុសេនីយ៍ ទោ បានបន្តទៀតថា ក្រោយពីជនសង្ស័យទាំង៣នាក់បានសារភាពហើយនោះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់៕
Categories:
ព័តមានជាតិ