យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ បានថ្កោល ទោស ចំពោះការបំផ្ទុះ គ្រាប់បែក នៅរដ្ឋធានី ដាម៉ាស ប្រទេស ស៊ីរី បណ្តាលឲ្យស្លាប់ មនុស្សរាប់សិបនាក់ ហើយថា ដំណោះស្រាយនយោបាយ ជាវិធីមួយដែល ឲ្យប្រទេសនេះ ងើបចេញពីវិបត្តិបាន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយស្រង់ សម្តី របស់លោក បាន គីមូន ដែលបានបញ្ជាក់សារជាថ្មី ពីការផ្តន្ទាទោសរបស់ លោកថា «ការផ្តន្ទាទោសអាស្រ័យ លើអំពើហិង្សា និងការប្រើប្រាស់យោធា មានន័យថា ទំាងនេះ នឹងធ្វើឲ្យប្រទេសកាន់តែរងទុក្ខវេទនា និង វិនាសកម្មថែមទៀត»។
និយាយក្នុងសេចក្តីថ្លែង ប្រធានយូអិន បានបន្តពីការអំពាវនាវរបស់លោក ទៅគ្រប់ភាគីទំាង អស់ ត្រូវបញ្ចប់ អំពើហិង្សា និងត្រូវគោរពតាមច្បាប់ មនុស្សធម៌អន្តរជាតិ ជាមួយគ្នានោះដែរ លោកក៏បានផ្ញើក្តី អាណិតអាសូរ យ៉ាងជ្រាលជ្រៅ ចំពោះគ្រួសារជនរងគ្រោះ និងជូនពរឲ្យពួក គេឆាប់ជាសះស្បើយពីរបួសផងដែរ។
គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មានរដ្ឋស៊ីរី បានផ្សាយថា កាលពីមុននេះ មានជនបំផ្ទុះ គ្រាប់បែកអត្តឃាត ម្នាក់ បានបើករថយន្តមួយគ្រឿង សំដៅទៅវិថីដែលមមាញឹកមួយ ដែល ជាបេះដូងរបស់រដ្ឋធានី ដាម៉ាស ជិត ទីស្នាក់ការរបស់គណបក្ស អាល់ បាអាដ រួចហើយបាន បំផ្ទុះខ្លួនឯង ដោយបានសម្លាប់មនុស្សអស់ជាង ៥៣នាក់ ផងដែរ ៕

Recent Posts