រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះ​ម្នាក់ ទើប​នឹង​មក​ពី​ស្រុក​កំណើត មក​រក​ការងារ​ធ្វើ ត្រូវពីរ​នាក់​ ឪពុក​កូន​នាំ​គ្នា​ ទៅ​ព្រួត​កាប់ និង​ចាក់​រង​របួស​ធ្ងន់ ដោយ​សារ​តែខឹង​ទៅ​ចាប់​ប្រទាញ​ប្រទង់ មក​អង្គុយ​ផឹក​ស៊ី​ជាមួយ ។
ហេតុការណ៍នេះ កើតឡើងនៅវេលា​ម៉ោង១២ និង១៥​នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ កុម្ភៈ ចំណុចខាង​ក្រោយរោងចក្រ​វាយអឺលែត ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ។
បើតាមស្រ្តីឈ្មោះ ហ៊ុន មុំ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្ត​ព្រៃវែង និងប្តីឈ្មោះ ចក់ សុថៃ អាយុ​២២ឆ្នាំ បានឲ្យដឹង​ថា ពួកគេទាំងពីរ​នាក់ប្តីប្រពន្ធ ទើបនឹងមកពីស្រុក​កំណើត មករកការងារ ហើយទៅ​ស្នាក់​នៅជាមួយមិត្ត​ភក្តិនៅ​ចំណុច​ខាងលើ ។ ខណៈពេលមកដល់ចំណុចខាងលើ បានជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ស្រាប់តែឃើញបុរសម្នាក់ ដែលជាអ្នកស្គាល់គ្នាជិះម៉ូតូមកដល់ ជនរងគ្រោះ បានចុះ​ទៅចាប់ប្រទាញប្រទង់ហៅមកអង្គុយផឹក​ស្រា​ជាមួយ​គ្នា ប៉ុន្តែជនបង្កនោះ មិនបានទៅអង្គុយផឹកជាមួយទេ ។ បន្ទាប់មក ស្រាប់តែនាំឪពុកមកជាមួយប្រដាប់ ដោយកាំបិត​នាំគ្នា​ទៅព្រួតកាប់ចាក់ជនរងគ្រោះ រងរបួសធ្ងន់ ទើប​នាំគ្នាគេចខ្លួនទៅបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវមិត្តភក្តិនាំទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ៕

Recent Posts