ភ្នំពេញ : ក្រោយ​ពី​បង្ហាញ​ខ្លួន​យ៉ាង​គ្រហើ​ជាមួយ​ សម្រស់​ដើម​ទ្រូង​ស្អាត​ចែស បន្សាប​អស់​ព័ត៌មាន​ចចាម​អារ៉ាម​ដែល​ថា​ជំងឺ​មហា​រីក​សុដន់ នាំ​ឲ្យ​ស្រី​ស្រស់​កញ្ញា វ៉ាង ស្រី​ណូ លាក់​មុខ​ពី​មហាជន​នោះ តារា​គ្រង​តំណែង​សិចស៊ី​ច្រើន​ជំនាន​រូប​នេះ​ក៏​កំពុង​តែ​ត្រៀម​ដំណើរ​ដឹក​ ដៃ​ប្រុស​សង្ហា​សាច់​ស​ដូច​ពង​មាន់​បក​ល្បី​ដូរ​ដៃ​គួ​ញឹក​ញាប់​លោក អេឡិច ច័ន្ទត្រា​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា ក្នុង​ពេល​ឆាប់ៗ​នេះ​ផង​ដែរ។
តារា​ដែល​ទើប​ជម្រះ​ព័ត៌មាន​មហារីក​សុដន់​រូប​នេះ បាន​អះអាង​ដោយ​ភាព​មុត​មាំ​ថា៖ «ពេល​ឆាប់ៗ​នេះ​ខ្ញុំ​នឹង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា ដោយ​រួម​ដំណើរ​ជាមួយ​នឹង​លោក អេឡិច ច័ន្ទត្រា​។
យ៉ាង​ណា​ក៏​ដោយ​ដំណើរ​ស្រី​ស្រស់​កូន​កាត់​បី​សាសន៍ វ៉ាង ស្រីណូ ដឹក​ដៃ​ប្រុស​សង្ហា​សម្បូរ​មន្ត​ស្នេហ៍ អេឡិច ច័ន្ទត្រា​ទៅ​សម្តែង​នៅ​ប្រទេស​កាណាដា​នោះ នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​ចាក​ចេញ​ទៅ​នៅ​ពេល​ណា​ជាក់​លាក់​នោះ​ទេ​ដោយ​នាង​និយាយ​ថា៖ ​«ព័ត៌មាន​នេះ​ខ្ញុំ​មិន​ចង់​ប្រកាស​ឲ្យ​មហាជន​ដឹង​ពី​ចម្ងាយ​ឡើយ​ចាំ​ដល់​ ថ្ងៃ​ទៅ​តែ​ម្តង​»។
បើ​ទោះ​ជា​នាង​និយាយ​បែប​ចុង​មាត់​ចុង​ក​យ៉ាង​នេះ​ក្តី ប៉ុន្តែ វ៉ាង ស្រីណូ ក៏​បាន​អះអាង​ផង​ដែរ​ថា៖«ដំណើរ​ចេញ​ទៅ​សម្ដែង​ក្រៅ​ប្រទេស​កាណាដា​ជាមួយ អេឡិច ច័ន្ទត្រា នៅ​តែ​ថ្ងៃ​រៀប​វ៉ាលិស​ចេញ​ដំណើរ​ប៉ុណ្នឹង​ទេ​អ្វីៗ​ខាង​ស្ពុនស័រ​គេ​រត់​ ការ​ឯកសារ​គ្រប់​អស់​ហើយ​»។
ជាមួយ​នឹង​ចេតនា​បង្ហាញ​ការ​ធ្វើ​ដំណើរ​បែប​លាក់​លៀម​នោះ​តារា​សម្តែង​ ដែល​ឃ្លាត​រយាល​ពី​សង្វៀន​សិល្បៈ​ក្រោម​ព្យុះ​រឿង​អាស្រូវ​ពី​មួយ​ទៅ​មួយ​ កញ្ញា វ៉ាង ស្រីណូ ក៏​បាន​ប្រកាស​ពី​ជំហរ​របស់​នាង​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​នេះ​វិញ​ដែរ ដោយ​នាង​បញ្ជាក់​យ៉ាង​ម៉ាត់ៗ​ថា៖ «កាល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​វិល​មក​ចូល​សិល្បៈ​វិញ​ក្រោយ​សម្ពាធ​ព័ត៌មាន​ ដ៏​ក្តៅ​គគុក​ដែល​គេ​ថា​ខ្ញុំ មាន​ជំងឺ​មហារីក​សុដន់​នោះ​មិន​មែន​មាន​បំណង​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ស្អាត​ ស្អំ​ថា​ខ្ញុំ​មិន​មាន​កើត​ជំងឺ​មហារីក​ស្អី​គេ​នោះ​ទេ តែ​ខ្ញុំ​ក៏​មាន​ចេតនា​ស្វែង​រក​ការ​គាំទ្រ​មុន​ចេញ​ដំណើរ​ទៅ​សម្តែង​នៅ​ ក្រៅ​ប្រទេស​ផង​ដែរ​»។
នាង​និយាយ​បន្ត​ថា៖ «មុន​នេះ​ខ្ញុំ​ដូច​ជា​រង​នូវ​ព័ត៌មាន​ខក​ចិត្ត​ច្រើន​ណាស់​ខណៈ​ដែល​មាន​ ព័ត៌មាន​មិន​ចប់​មិន​ហើយ​ពី​រឿង​ថា​ខ្ញុំ​នេះ​បន្តិច​មាន​គេ​ចិញ្ចឹម​ជា​ អ្នក​មាន​និង​មួយ​ទៀត​ថា​ខ្ញុំ​កើត​មាន​ជំងឺ​មហារីក​សុដន់​និង​ចេញ​ចូល​ទៅ​ ព្យាបាល​នៅ​វៀតណាម​ញឹក​ញាប់​នោះ​»។
នាង​បាន​បញ្ជាក់​ថា៖ «ជំងឺ​មហារីក​សុដន់​ស្អី​គេ​ហ្នឹង​ជា​ជំងឺ​ដ៏​កាច់​សាហាវ​ណាស់​បើ​កើត​និង​ វះ​កាត់​យ៉ាង​ណា​ក៏​មិន​អាច​ព្យាបាល​ក្នុង​ពេល​ដ៏​ខ្លី​ទេ ហើយ​ក៏​មិន​បាន​ស្អាត​ស្អំ​ដែរ​តែ​នេះ​ខ្ញុំ​ដូច​បង​ប្អូន​ឃើញ​ស្រាប់​ហើយ​ ថា ខ្ញុំ​គ្មាន​មួយ​តួ​ខ្លួន​ណា​ត្រូវ​វះ​កាត់​ចេញ​នោះ​ទេ»។
នាង​បន្ថែម​ទាំង​បញ្ចើច​ថា៖ «សព្វ​ថ្ងៃ​មួយ​តួ​ខ្លួន​ខ្ញុំ​មិន​បាន​កាត់​សាច់​ណា​មួយ​ដុំ​ចេញ​ទេ​មាន​តែ​ប៉ះ​ប៉ូវ​បន្ថែម​»។
គួរ​រំឭក​ដែរ​ថា វ៉ាង ស្រីណូ ធ្លាប់​ជា​តារា​សម្តែង​ដែល​សិច​ស៊ី​ល្បី​ល្បាញ​មួយ​រូប។​នាង​ធ្លាប់​ថត​ឈុត​ ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ទាំង​ផលិត​ផល​កែ​សម្ជស្ស និង​ផលិត​ផល​ផ្សេងៗ​ទៀត តែ​ក្រោយ​ពី​ពើប​ប្រទះ​រឿង អាស្រូវ​មួយ​ប្រាវ​ប្រជាប្រិយ​ភាព នាង​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​ដល់​ថ្នាក់​គេ​ព្យាករ​ថា​តំណែង​នាង​ឈរ​ជើង​ លែង​បាន​នៅ​លើ​វិថី​សិល្បៈ​ដែល​ពោរ​ពេញ​ការ​ប្រកួត​ប្រជែង​នោះ​ទៀត​ហើយ។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ស្រី​ស្រស់​គ្រង​តំណែង​សិចស៊ី​ច្រើន​ជំនាន់​នេះ​មិន​ លេច​ឮ​ពី​ព័ត៌មាន​ស្តី​ពី​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​នាង​ឡើយ​ខណៈ​ បច្ចុប្បន្ន​នាង​ក៏​ជា​ថៅកែ​ហាង​មួយ​រូប​ដែរ​ក្រៅ​ពី​អាជីព​លើ​ឆាក​នោះ​។
នាង​ប្រាប់​ថា៖ «ជីវិត​លើ​វិថី​សិល្បៈ​បើ​ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​ដើរ​ចេញ​នោះ​ទេ ក្នុង​កាលៈទេសៈ​នេះ ព្រោះ​ថា​សិល្បៈ​នេះ ក្រៅ​ពី​នាំ​រូប​កាយ​ដ៏​ផូរ​ផង់​ខ្ញុំ​ជួប​រឿង​អាស្រូវ​ជា​ច្រើន​នោះ​ខ្ញុំ​ ក៏​មាន​អ្វី​គ្រប់​បែប​យ៉ាង​ពេល​នេះ​ក៏​ដោយ​សារ​សិល្បៈ​ដែរ»។
ជាមួយ​ការ​បង្ហើប​នូវ​មោទនភាព​នោះ​ដែរ ស្រី​ស្រស់​វ័យ​ម្ភៃ​ក្រាស់​រូបនេះ​ក៏​បាន​និយាយ​យ៉ាង​ច្បាស់ៗ​ថា៖ «​ខ្ញុំ​មាន​សិល្បៈ​យឹត​យោង​បាន​ជោគ​ជ័យ​គ្រប់​បែប​យ៉ាង​តែ​ខ្ញុំ​ក៏​មិន​ បាន​យក​សិល្បៈ​ធ្វើ​ជា​ខែល​ដែរ។ មួយ​រយៈ​ដែល​ខ្ញុំ​មិន​សូវ​មាន​វត្តមាន​ក្នុង​សិល្បៈ​នេះ​គឺ​មក​ពី​តម្លៃ​ ខ្លួន​ក្នុង​ការ​សម្តែង​មិន​សូវ​ត្រូវ​ទើប​បាន​ជា​ចេះ​តែ​ឃ្វាងៗ​ទៅ​»។
វ៉ាង ស្រីណូ បាន​បញ្ជាក់​ថា៖ «ទើប​តែ​ដើម​ឆ្នាំ​២០១៣​នេះ ខ្ញុំ​មាន​ហុង​ស៊ុយ​មាន​ស្ពុនស័រ​មួយ​ក៏​ត្រូវ​ថ្លៃ​និង​បាន​ចេញ​ទៅ​សម្តែង​ តែ​ម្តង​»៕


Categories:

Recent Posts