ខេត្តបន្ទាយមានជ័យ៖ ជម្លោះក្នុងរោងការ អាស្ទាវ០២ក្រុម ចេញមកក្រៅដេញវាយគ្នាដូចកុនចិន ខ្លះត្រូវចូលពេទ្យ ខ្លះត្រូវកងរាជអាវុធហត្ថ( អ.ហ) ចាប់ញាត់ទ្រុង កាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៣ នៅម្តុំសាលាពីរជាន់ ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីកន្លែងកើតហេតុការ ដែលផ្ទុះជម្លោះនោះ ផ្តើមចេញពីភ្ញៀវ០២ក្រុម មកចូលរួមពិធីអាពាហ៍ពិពាហ៍មួយ ហើយមានទំនាស់ពាក្យសម្តីគ្នា បន្ទាប់ពីប្រកែកគ្នាតឹងសរសៃកហើយ មនុស្សទាំង០២ក្រុមបាន ចេញមកក្រៅរោងការ ហើយក៏ដេញវាយកាប់ចាក់គ្នា ដូចហ្វូងគោតែម្តង ក្នុង ហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ត្រូវបានគេបញ្ជូនទៅមនី្ទរពេទ្យទាំងយប់ មួយចំនួនត្រូវបានកម្លាំង អ.ហ ឃាត់ខ្លួនបានភ្លាមៗ យកទៅញាត់ទ្រុងទាំងយប់ មួយចំនួនបានរត់គេចខ្លួន។
មានជនរងគ្រោះម្នាក់ បានសន្លប់ដេកក្នុងថ្លុកឈាម ឈ្មោះ ចន នី ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេវាយបែកក្បាល ត្រចៀក ថ្ងាស និងបាក់ក្តោងច្រមុះ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ចុះបង្ក្រាប ក្រុមក្មេងទំនើង វាយកាប់ចាក់គ្នានោះ សមត្ថកិច្ចបានបំផ្ទុះអាវុធ០១គ្រាប់ ដើម្បីទប់ស្កាត់ស្ថានការណ៍ ខណៈដែលតានតឹង ដើម្បីឲ្យក្មេងទំនើងទាំងនោះ បញ្ឈប់សកម្មភាព ចៀសវាងមានមនុស្សបាត់បង់ជីវិត៕
Categories:
ព័តមានជាតិ