ភ្នំពេញ ៖ បើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០១៣ គឺបានកើតឡើង ១៥លើក ស្លាប់មនុស្ស៧នាក់ របួសធ្ងន់និងស្រាល២១នាក់។
របាយការណ៍ខាងលើប្រាប់ថា កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស ៥លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រីម្នាក់) របួសធ្ងន់ ៦នាក់ (ស្រីម្នាក់) របួសស្រាល ៣នាក់ (ស្រីម្នាក់)។ ក្នុងគ្រោះថ្នាក់ចរាចរទាំង ៥លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះម៉ូតូ ៧គ្រឿង និងរថយន្តធុនតូច ១គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្ដាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ១លើក កត្តាអាកាសធាតុ ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៣នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាពនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មានចំនួន ៤២គ្រឿង គឺរថយន្តទេសចរណ៍ ២គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៣៣គ្រឿង រថយន្តដឹកទំនិញធុនតូច ៥គ្រឿង រថយន្តដឹកទំនិញធុនធំ ២ គ្រឿង។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ២គ្រឿង និងនៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤០គ្រឿង។
របាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តឲ្យដឹងថាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១០លើក (យប់ ៣លើក)បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) របួសធ្ងន់ ៨នាក់ (ស្រី ៣នាក់) របួសស្រាល ៤នាក់ (ស្រីម្នាក់)។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ៧គ្រឿង រថយន្តធុនតូច ៦គ្រឿង យានផ្សេងៗ ២គ្រឿង និងកង់ ១គ្រឿង។
ប្រភពខាងលើឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរល្មើសល្បឿនមាន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ស្រវឹង ២លើក កត្តាយានយន្ត ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់២នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មានចំនួន ២៧គ្រឿង គឺរថយន្តទេសចរណ៍ ២គ្រឿង និងរថយន្តដឹកអ្នកដំណើរធុនតូច ២៥គ្រឿង ។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ២គ្រឿង និងនៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ២៥គ្រឿង៕
Categories:
ព័តមានជាតិ