រាជធានីភ្នំពេញ ៖
កុមារីអភ័ព្វម្នាក់ត្រូវបានព្រហ្មលិខិត កំណត់ឱ្យនាងជួបនូវភាពអកុសល
កើតមកក្នុងត្រកូលគ្រួសារកម្មករក្រីក្រ រស់ដោយសារកម្លាំងសុទ្ធសាធ
នៅក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ កំពុងដង្ហោយហៅរក
ជំនួយសង្គ្រោះពីសប្បុរសជននានា ក៏ដូចជាអង្គការមនុស្សធម៌ដើម្បីជួយចិញ្ចឹម
ដោយសារកុមាររូបនេះកើតមក គ្មានលលាដ៍ក្បាលជាហេតុធ្វើឱ្យក្បាល
ចេះតែរីកលូតលាស់ធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។
ជួបជាមួយអ្នកយក ព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី២០
កុម្ភៈ ស្ត្រីឈ្មោះប៉ុល សាវឿន ជាម្តាយកុមារីអភ័ព្វខាងលើបានរៀបរាប់ថា
គាត់មានកូន៥នាក់ រាប់ទាំងកូនពៅគាត់ដែល កើតមកមានក្បាលធំចម្លែកម្នាក់នេះផង ។
ស្ត្រីដដែលបានរៀបរាប់បន្តថា ប្តីរបស់គាត់ឈ្មោះចិក សិត អាយុ២៩ឆ្នាំ
មានមុខរបរជាកម្មករអូសរទេះបន្លែនៅផ្សារដើមគ
និងរូបគាត់ដើរសុីឈ្នួលបោកខោអាវគេតាមផ្ទះ
ក្នុងភូមិដើម្បីជួយរកប្រាក់ចិញ្ចឹមកូនទាំង៥នាក់ ។
ប៉ុន្តែជាងប្រាំពីរខែកន្លងមកនេះ
ចាប់តាំងពីកូនស្រីគាត់កើតមកគឺរូបគាត់លែងធ្វើអ្វីកើតទាំងអស់ ដោយសារជាប់រវល់
មើលថែរក្សាកូន ដែលកើតមកមានក្បាលធំចម្លែក គ្រូពេទ្យប្រាប់ថា
ត្រូវតែមានអ្នកមើល ថែរក្សាជាប្រចាំទើបបាន ។
ស្ត្រីឈ្មោះប៉ុល សាវឿន រៀបរាប់បន្តថា
កូនស្រីគាត់ម្នាក់នេះឈ្មោះចិក សុដា អាយុ៧ខែ បច្ចប្បន្នមានទម្ងន់១១គីឡូក្រាម
ដោយសារធ្ងន់ក្បាលខ្លាំង ព្រោះការរីកលូតលាស់ ឆាប់រហ័សដូចសប់ប៉េងប៉ោងអញ្ចឹង ។
ទារិកាចិក សុដា បៅច្រើនខ្លាំងណាស់ក្នុងមួយថ្ងៃៗ គឺបៅដោះម្តាយផង
និងបៅទឹកដោះគោបន្ថែមទៀត ។ ដោយសារម្តាយឪពុក
មិនមានលទ្ធភាពផ្តល់អាហារកូនគ្រប់គ្រាន់ ទើបដាច់ចិត្តទូរស័ព្ទមក
កាន់ការិយាល័យនិពន្ធកោះសន្តិភាពឱ្យជួយចុះផ្សាយសុំជំនួយ
ឧបត្ថម្ភពីសប្បុរសជននានានៅគ្រប់ទីកន្លែង
មេត្តាជួយសង្គ្រោះដល់ទារិកាអភ័ព្វខាងលើនេះផង ។
ស្ត្រីឈ្មោះប៉ុល សាវឿនរៀបរាប់បន្តថា
ចាប់តាំងពីថ្ងៃដែលគាត់កើតកូនស្រីចម្លែកខាងលើនេះ
គឺកើតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែពេលកើតនោះគឺកើតមិនរួចឡើយ
ទាល់តែគ្រូពេទ្យវះ ។ ចាប់តាំងពីថ្ងៃដែលកុមារីឈ្មោះចិក សុដា
កើតមកដល់សព្វថ្ងៃ គឺស្ត្រីជាម្តាយបានយក
កូនស្រីទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាពីរដងរួចមកហើយ
តែគ្រូពេទ្យគ្មានលទ្ធភាពព្យាបាលជំងឺរីកលូតលាស់
ធំរហ័សលើក្បាលកុមារតូចនេះបានទេ ដោយសារក្បាលគ្មានលលាដ៏ ។
ដូច្នេះមានតែទុកឱ្យកុមាររូបនេះរស់តាមយថាកម្មតែប៉ុណ្ណោះ ។
ទោះបីជាវាសនាកុមារីអភ័ព្វនេះ ទៅជាយ៉ាងណាក៏ដោយ
ក៏ឪពុកម្តាយ និងសម្បុរសជននានា ដែលបានឃើញកែវភ្នែកដ៏មុតថ្លា របស់កុមារីតូចនោះ
ហើយមុខជាចិត្តមិនដាច់គួរតែចូលរួម ជួយសង្គ្រោះគ្នាតាមលទ្ធភាពជាក់ស្តែង
ព្រោះជីវិតមនុស្សគ្រប់រូបកើត មកគ្មាននរណាចង់ជួបវាសនាបែបនេះឡើយ ។
សប្បុរសជនជាច្រើន ដែលធ្លាប់បានចូលរួមបរិច្ចាក
ថវិកាជួយដល់ទុរគតជនទាំងឡាយនាពេលកន្លងមក
តាមរយៈកោះសន្តិភាពសូមមេត្តាចូលរួមសង្គ្រោះ ក្មេងស្រីអភ័ព្វខាងលើនេះផង៕
Categories:
ព័តមានជាតិ