យោង​តាម​គេហទំព័រ​រ៉យទ័រ​ចេញ​ផ្សាយ​យប់​ថ្ងៃទី​១៩​ខែ​កុម្ភៈ ​បាន​ឲ្យ​ដឹង​ថា​ យន្តហោះ​កម្លាំង​អាកាស​យេ​មែន​មួយ​គ្រឿង​បាន​ធ្លាក់​នៅក្នុង​រដ្ឋធានី​សា​ណា​នៅ​ថ្ងៃ​អង្គារ​ ទី​១៩ ​ខែកុម្ភៈ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១២​នាក់។
ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​សា​បា បាន​និយាយ​ថា ស្ត្រី​៣​នាក់ និង​កុមារ​២​នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​បាន​ស្លាប់​នៅពេល​យន្តហោះ​ធ្លាក់ ភាគ​ខាងលិច ​សង្កាត់​របស់​អ្នកស្រុក​ ក្នុង​ពេល​ហោះហើរ​បណ្ដុះបណ្ដាល ​ហើយ​មនុស្ស​១១​នាក់​បាន​រង​របួស។
រូបភាព​នៃ​ការ​ធ្លាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​សាកសព​ម្នាក់​នៅ​ជិត​កម្ទេចកំទី​យន្តហោះ។ រថយន្ត​៣-៤​គ្រឿង​បាន​ឆេះ និង​កម្ទេចកំទី​ពង្រាយ​តាមផ្លូវ។
មន្ត្រី​សន្តិសុខ​ម្នាក់​បាន​និយាយ​ថា អ្នកបើកបរ​យន្តហោះ ខ្ទាត​ចេញពី​យន្តហោះ។ មិន​ទាន់មាន​ដំណឹង​ភ្លាមៗ​ថា​តើ​គាត់​រស់​រាន​មាន​ជីវិត​ឬ​យ៉ាងណា​នោះ​ទេ។
អ្នកស្រុក​ម្នាក់​ឈ្មោះ Abdullah al-Ashwal បាន​និយាយ​ថា «​វា​រន្ធត់​និង​ឈឺចាប់»។ «​ប៉ូលិស និង​គ្រូពេទ្យ​បាន​ជម្លៀស​សាកសព​៥​នាក់​ដែល​បាន​ឆេះ​រួចជាស្រេច ដោយ​សព​ពួកគេ​ទាំងអស់​មើល​មិន​យល់​នោះទេ។
Abdulsattar Mohammed​បាន​និយាយ​ថា គាត់​បានឃើញ​យន្តហោះ​កំពុង​ឆេះ​នៅ​ជិត​ផ្ទះ​ដែល​ឆេះ​ផង​ដែរ។ «​មនុស្ស​តក់ស្លុត​យ៉ាងខ្លាំង ហើយ​រថយន្ត​សង្គ្រោះ​បាន​មកដល់​ជា​ក្រោយ»។ មន្ត្រី​យោធា​ម្នាក់​និយាយ​ថា យន្តហោះ​នោះ​ជា​ប្រភេទ​យន្តហោះ​ចម្បាំង Russian SU-22
យោងតាម​សៀវភៅ​តុល្យភាព​យោធា​ឆ្នាំ​២០១២(2012 Military Balance )​ចេញ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ នៃ​ការសិក្សា​យុទ្ធសាស្ត្រ ​(International Institute of Strategic Studies )​បាន​ឲ្យ​ដឹង​ថា ប្រទេស​យេ​មែនមាន​យន្តហោះ​SU-22​ចំនួន​៣០ និង យន្តហោះ​SU-22UM3 ៤​គ្រឿង​នៅក្នុង​កម្លាំង​អាកាស​ជាមួយ​យន្តហោះ​ដែល​មាន​សមត្ថភាព​ចំនួន​៧៩​នៅក្នុង​ចំណោម​យន្តហោះ​ទាំងអស់។
នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ យន្តហោះ​ដឹកជញ្ជូន​យោធា​យេ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ជិត​អាកាសយានដ្ឋាន​សា​ណា និង បាន​ឆេះ​ជា​អណ្ដាតភ្លើង។
ប្រភព​ខាង​លើ​មិន​ទាន់បាន​បញ្ជាក់​នូវ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យន្តហោះ​នោះ​ធ្លាក់​និង​ចំនួន​មនុស្ស​សរុប​នៅ​លើ​យន្តហោះ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​សួន​ហ៊ូ​បាន​ឲ្យ​ដឹង​ថា​ការ​ធ្លាក់​នោះ​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​ ហើយ​ប្រធានាធិបតី​បាន​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​ចំ​បញ្ហា​នេះ​ផង​ដែរ៕

Recent Posts