ភ្នំពេញ ​ ៖ ​បុរស​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​មាន​បក្ខពួក​៣​នាក់​ជិះ​ ម៉ូតូ​វីវ៉ា​១​គ្រឿង​​មក​ស្ទាក់​ព្រួត​គ្នា​វាយ​ឡើង​ហើម​មុខមាត់​ របួស​ពេញ​ខ្លួន​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ​ខណៈ​បុរស​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥។
ហេតុការណ៍ ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​យប់​ឈាន​ចូល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​រោងចក្រ​គ្លីនិក​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។
សមត្ថកិច្ច ​ប៉ូលិស​ឲ្យ​ដឹងថា ម៉ូតូ​ដែល​ក្រុម​ចោរ​វាយ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​២០០៧ ពាក់​ស្លាក​លេខ​កំពង់ចាម 1E-3506 ជា​កម្មសិទ្ធិ​របស់​ជន​រងគ្រោះ​ឈ្មោះ ឃុ​ត សុខ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌឫស្សីកែវ។
ជនរងគ្រោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​ត្រឡប់​ពី​ស៊ីផឹក​នៅ​ហាង​រស្មី​សោភា​ជាមួយ​មិត្តភក្ដិ​២-៣ ​នាក់​ទៀត ពេល​ឈប់​ផឹក​ក៏​ជិះ​ម៉ូតូ​មក​ម្ដុំ​កន្លែងកើតហេតុ​ក្នុង​គោលបំណង​ទៅ​ផ្ញើ​គេ ​នៅ​ម្ដុំ​នោះ ព្រោះ​ផ្ទះ​ជួល​ហួស​ម៉ោង​អត់​ឲ្យ​ចូល​ម៉ូតូ​ទេ។
ប្រភព ​បន្តថា ខណៈ​មកដល់​ចំណុច​កើតហេតុ ស្រាប់​តែមាន​ចោរ​មួយ​ក្រុម​មាន​បក្ខពួក​៣​នាក់​ជិះ​ម៉ូតូ​វីវ៉ា​មួយ​គ្រឿង តាម​ពីក្រោយ​ហើយ​មក​ស្ទាក់​ខាងមុខ​ព្រួត​គ្នា​វាយ​មក​លើ​ខ្លួន​ជាច្រើន​ដៃ​ ដោយ​ខ្លះ​ចាប់​ច្របាច់​.​ក ខ្លះ​វាយ​ចំៗ​ផ្ទៃមុខ​ឡើង​ហើម​មុខ និង​របួស​ពេញ​ខ្លួន។ ក្រោយពី​ខ្លួន​ដួល​ហើយ ពួកវា​ក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ទៅ​ក្រោយ​មក​ទើប​ខ្លួន​ដើរមក​ ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ទួល​សង្កែ​ព្រោះ​កន្លែង​ចោរ​វាយ​ប្លន់​នោះ​នៅ ​មិន​ឆ្ងាយ​ពី​ប៉ុស្ដិ៍​ប៉ូលិស​ទួល​សង្កែ​ប៉ុន្មាន​ទេ៕

Recent Posts