ភ្នំពេញៈ ក្រុមគ្រួសាររបស់តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន នាយ តាក់ស៊ី បានធ្វើការអំពាវនាវស្វែងរក ជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីលោកបានធ្លាក់ខ្លួន ឈឺខ្លាំងជាលើកទី២។
តារាកំប្លែងនាយ តាក់ស៊ី ដែលមានភាពលេចធ្លោគួរសម ប្រចាំក្រុមកំប្លែងរបស់ នាយ ពែកមី ក្នុងរយៈ ពេលប្រមាណជាជិត១ខែនេះ បានបាត់វត្តមានលែងឃើញ ចេញមុខមកលេងកំប្លែង ប៉ុន្តែត្រូវបានសមាជិក ក្នុងក្រុមកំប្លែងបង្ហើប ឲ្យដឹងថា ពេលនេះ នាយ តាក់ស៊ី កំពុងតែមាន ជំងឺជាទម្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យឯកជនមួយ ដែលមាន ឈ្មោះថា “សែនសុខថ្មី” ។
ភរិយារបស់តារាកំប្លែង ដែលទស្សនិកជន ភាគច្រើនស្គាល់ តាមរយៈការដើរជា ស៊ុនអ៊ូខុងគឺ នាយ ពែកមី បានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ ថាស្វាមីរបស់គាត់បាន ចូលមន្ទីរពេទ្យជិត១ខែ ហើយដោយសារតែជំងឺ ឡើងជាតិស្ករ និង ហត់ច្រើន ហើយពេលនេះ បើនិយាយពីស្ថានភាពជំងឺ បច្ចុប្បន្នមាន ការធូស្រាលបន្តិច តែមិនទាន់ ចេញពីមន្ទីរពេទ្យទេ ដោយសារតែ ខាងមន្ទីរពេទ្យ ចង់តាមដានជំងឺ មួយរយៈពេលទៀតសិន។
ភរិយារបស់នាយតាក់ស៊ី បានប្រាប់ឲ្យដឹងទៀតថា "បើគិតមកដល់ ពេលនេះការមក សម្រាក់ព្យាបាល គឺជិត១ខែ ហើយសម្រាប់ថ្លៃព្យាបាល ក៏អស់ច្រើនគួរសម។ តែកន្លងមកក៏ធ្លាប់មានម្ចាស់ សប្បុរសជន គាត់ជួយឧបត្ថម្ភខ្លះៗដែរ តែមិនគ្រប់ទេ។ ឆ្លៀតក្នុង ឱកាសនេះខ្ញុំក៏សូមអំពាវនាវ ទៅបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស មេត្តាផ្តល់ជាជំនួយ ក្នុងការព្យាបាល ស្វាមីខ្ញុំផងចុះ ព្រោះថាពេល នេះខ្ញុំក៏កំពុងតែមាន ការខ្វះខាតយ៉ាងខ្លាំង"។
ទន្ទឹមជាមួយគ្នានោះដែរ នាយ ពែកមី ដែលជាប្រធានក្រុម ក៏បានប្រាប់ឲ្យដឹងថា នាយ តាក់ស៊ី គាត់ធ្លាក់ខ្លួនឈឺខ្លាំង តាំងពីមុនចូលឆ្នាំចិនមកម្ល៉េះ ហើយពេលនេះ ស្ថានភាពជំងឺ មានការធូស្រាលជាង មុនហើយ។ នាយពែកមីនិយាយ "កន្លងមកក្រុមកំប្លែងរបស់ខ្ញុំ ក៏ធ្លាប់បាន អំពាវនាវទៅ ដល់បងប្អូននៅ តាមកញ្ចក់ទូរទស្សន៍ខ្លះ ក្នុងការស្វែងរក ជំនួយទៅឧបត្ថម្ភ ឲ្យក្រុមគ្រួសារបស់ នាយ តាក់ស៊ី ដែលកំពុងតែត្រូវ ការថវិការ យកទៅទំនុកបម្រុង ក្នុងការចាយវាយ ទៅលើថ្នាំក្នុងការព្យាបាល និងថ្លៃបន្ទប់ស្នាក់ នៅជាដើម"។
លោកបានប្រាប់ឲ្យដឹងទៀតថា ការដែលលោកក៏ ដូចជាក្រុមកំប្លែង ធ្វើការអំពាវនាវបែបនេះ គឺដោយ សារ តែចង់ជួយសម្រាល បន្ទុកមួយចំណែក ដល់គ្រួសាររបស់ នាយ តាក់ស៊ី ហើយកន្លងមកខាង ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមកំប្លែងរបស់លោក ក៏បានជួយឧបត្ថម្ភជាថវិការ មួយចំណែកក្នុងការជួយ។ លោកក៏ដឹងថា ការជួយរបស់ពួក លោកទាំងអស់ គឺគ្រាន់តែជាផ្នែក មួយតែប៉ុណ្ណោះ ដូច្នេះប្រសិនបើ បានសប្បុរសជន មេត្តាផ្តល់ជាជំនួយទៀត លោកគិតថា និងអាចព្យាបាល នាយ តាក់ស៊ី ឆាប់ជាសះស្បើយនិងបាន មកចូលរួមលេងកំប្លែងវិញ៕
Categories:
ព័តមានជាតិ,
សុខភាព និង កីឡា