ប៉ោយប៉ែត​៖ បុរស​ម្នាក់​បាន​រង​នូវ​គ្រាប់កាំភ្លើង​ធ្លាយ​ពោះ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ផ្ទុះអាវុធ​នោះទេ។
បើ​តាម​ការរៀបរាប់​ពី​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ដឹងថា ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ​ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងជើង​សាលាសង្កាត់​ប៉ោយប៉ែត ក្នុងភូមិ មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរស​រងគ្រោះ​មានឈ្មោះ មេ​ង ទ្រី អាយុ​៤៤​ឆ្នាំ​មានកូន​៥​នាក់ និង​មាន​ប្រពន្ធ​ឈ្មោះ អ​ល់ សុវណ្ណ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើនេះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រាប់​កាំភ្លើងខ្លី​ត្រូវ​ចំពោះ​ខាងស្ដាំ​ធ្លាយ​ទៅ​ឆ្អឹងខ្នង ហើយ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គលបុរី។
ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ដឹងថា បើតាម​អ្នកជិតខាង​ដែល​បានឃើញ​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​បាន​ប្រាប់​គាត់​ថា ប្ដី​របស់​គាត់​នៅពេល​កើតហេតុ​កំពុង​ឈរ​បាញ់​ទឹក​នៅលើ​ដងផ្លូវ​កុំ​ឲ្យ​ហុយ​ខ្លាំងពេក ស្រាប់តែ​ភ្លាម​នោះ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ​ពណ៌​ទឹកប្រាក់ បើក​មក​ចត​ខាងមុខ​ជនរងគ្រោះ​រួច​មាន​មនុស្ស​៤​នាក់​បាន​ចុះ​តម្រង់​មក​រក​ប្ដី​គាត់​ហើយក៏​លាន់ឮ​ស្នូរ​ផ្ទុះអាវុធ​តែម្ដង។ ចំពោះ​ករណី​ដែល​បណ្ដាល​ឲ្យ​ផ្ទុះអាវុធ​ត្រូវ​ជនរងគ្រោះ មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ៕

Recent Posts