ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ ឃើញដើរចាយប្រាក់រៀលក្លែងក្លាយ ក៏បានរាយការណ៍មកប៉ូលិស ស្រុកសំរោងឱ្យឃាត់ខ្លួន ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ខណៈពេលដែល បុរសទាំង២នាក់ជិះម៉ូតូ១គ្រឿងចាយ លុយក្លែងក្លាយនៅតាមដងផ្លូវ។ ពួកគេបាន ចាយប្រាក់រៀលក្លែងក្លាយ ប្រភេទក្រដាស១ម៉ឺនរៀល ទិញទឹកបរិសុទ្ធ១ដប ហើយឱ្យអ្នកលក់ អាប់លុយឱ្យ រួចបន្តទៅមុខទិញបារី១កញ្ចប់ទៀតដោយឱ្យក្រដាស១ម៉ឺនរៀលទៅអ្នកលក់អាប់លុយឱ្យទៀត ។ ប្រការដែល នាំឱ្យមានការសង្ស័យនោះគឺពួកគេមិន ចាយលុយរាយទេ បែរជាចាយសុទ្ធតែក្រដាស១ម៉ឺនរហូត ទោះបីជាតម្លៃទឹកបរិសុទ្ធនិងបារីមិន ដល់១ម៉ឺនរៀលក្តី ដើម្បីឱ្យគេអាប់មក វិញនូវក្រដាសប្រាក់សុទ្ធ ។ ទង្វើបែបនេះហើយទើបប្រជាពលរដ្ឋ មានការសង្ស័យក៏ប្តឹងប៉ូលិសឱ្យឃាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ កុម្ភៈ វេលាម៉ោង៥និង៣០នាទីល្ងាចនៅក្នុងភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ។ លោកវរសេនីយ៍ត្រីមឿង សារុន អធិការនគរបាលស្រុក សំរោងបានឱ្យដឹងថា ជន២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ម្នាក់ឈ្មោះអ៊ុង ភា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ និងម្នាក់ទៀតឈ្មោះសាយ ដា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ។ មធ្យោបាយដែល ពួកគេជិះធ្វើសកម្មភាពចាយលុយរៀល ក្លែងក្លាយគឺម៉ូតូធុនសេ១២៥ ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ1D-2897 តាកែវ ។
លោកអធិការស្រុកសំរោងបានបន្តទៀតថា នៅពេលឃាត់ខ្លួនក៏បានឆែកនៅក្នុងខ្លួនពួកគេ មានលុយប្រភេទ ក្រដាស១ម៉ឺនរៀលចំនួនជាង ៦លាន៥សែនរៀលសុទ្ធតែក្លែងក្លាយ ។ មុនពេលកើតហេតុនេះ ពួកគេជិះម៉ូតូពីអង្គតាសោមយកលុយក្រដាស ១ម៉ឺនរៀលក្លែងក្លាយទិញបារី និងទឹកសុទ្ធ ។
ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានយកប្រាក់រៀលក្លែងក្លាយ ដើរចាយវាយពិតប្រាកដមែន ដោយមិត្តភកិ្តរបស់ខ្លួននៅ ផ្សារអង្គតាសោមជាអ្នកប្រគល់ឱ្យចំនួន ៧លានរៀលសម្រាប់ចាយ ហើយអាប់យកប្រាក់រៀលសុទ្ធ ។ ពួកគេប្រាប់ថា បើចាយលុយក្លែងក្លាយនេះ អស់៧លានរៀល ខ្លួននឹងត្រូវបានលុយពិត ៣លាន៥សែនរៀលជាឈ្នួល ។ ប៉ុន្តែនៅពេលទទួលលុយ ក្លែងក្លាយទាំង៧លានរៀលនេះមក ខ្លួនក៏ត្រូវបង់លុយពិត ២ម៉ឺនរៀលជាមុនសិនដែរឱ្យទៅម្ចាស់ប្រាក់ក្លែងក្លាយ ។
លោកវរសេនីយ៍ត្រី យ៉ុង ញីវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលខេត្តបានឱ្យដឹងថា បើទោះបីជាក្រុមជនសង្ស័យ មិនព្រមសារភាពពី អត្តសញ្ញាណអ្នកប្រគល់លុយ ក្លែងក្លាយឱ្យបែបណាក៏ដោយ តាមបទបញ្ជាពីលោកអ៊ុក សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាហើយ កម្លាំងជំនាញនឹងចុះសហការជាមួយ ប៉ូលិសស្រុកត្រាំកក់ស្រាវជ្រាវ ដើម្បីចាប់ខ្លួនអ្នកដែលបង្កើត លុយក្លែងក្លាយនេះឱ្យខាងតែបាន ទើបអាចទប់ស្កាត់ការធ្វើចរាចរណ៍ ប្រាក់រៀលក្លែងក្លាយនេះបាន ។
នៅមិនទាន់បានព័ត៌មានពិតប្រាកដទេថា តើក្រដាសប្រាក់រៀលក្លែងក្លាយនេះបោះពុម្ព មកពីប្រភពណានៅឡើយទេ ហើយក៏មិនទាន់ដឹងថា តើការធ្វើចរាចរណ៍ក្រដាសប្រាក់រៀល ក្លែងក្លាយនេះហូរទៅដល់ទីណាខ្លះទៀតនៅឡើយដែរ ។ ពេលនេះមហាជនរង់ចាំមើលស្នាដៃសមត្ថកិច្ចខេត្តតាកែវ តើខ្លាំងខាងបង្ក្រាបបានប៉ុណ្ណា ?




Recent Posts