ភ្នំពេញៈ តារាចម្រៀងចំណូលថ្មី ទើបហក់ចូលជ្រក ក្រោមផលិតកម្ម ភ្លេងរីខដ (Phleng Record ) ជាមែកធាងរបស់ ផលិតកម្មដ៏ ស្តុកស្តម្ភ រស្មីហង្សមាស កញ្ញា លាង សុផាឡែន បានបង្ហើប ប្រាប់ឲ្យដឹងថា បន្ទាប់ពីនាង មានឱកាស បានឡើង បង្ហាញវត្តមាន នៅលើឆាកការ ប្រគំតន្ត្រី ដ៏ធំហើយនោះ ឆាប់ៗខាងមុខនេះ នាងក៏កំពុងតែ ត្រៀមចេញវ៉ុលថ្មី ដែលជាប្រភេទ Story លើកដំបូងសម្រាប់ បម្រើអារម្មណ៍ ទស្សនិកជន ក៏ដូចជាស្តារប្រជាប្រិយភាព ដែលកំពុង ស្ងប់ស្ងាត់ឡើងវិញ។
តារាចម្រៀងស្រីស្រស់ រាងតូចច្រឡឹង កញ្ញា លាង សុផាឡែន បានបង្ហើបប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទថា ក្រោយពីនាង បានឡើងបង្ហាញ ពីសមត្ថភាពនៅលើ ឆាកប្រគំតន្រ្តី Best Of The Best រួចមក ពេលនេះ នាងកំពុងតែមមាញឹក ជាមួយការថត បទចម្រៀងក៏ ដូចជាខារ៉ាអូខេ ។ អ្វីដែលពិសេស នៅក្នុងវ៉ុលក្រោយនេះ ខាងផលិតកម្ម បានរៀបចំបទចម្រៀង ដែលជាការ បកស្រាយរបស់នាង តែម្នាក់ឯងតែប៉ុណ្ណោះ ហើយនេះជាលើកទី១ ដែលនាងមានឱកាស ចេញវ៉ុលតែ ម្នាក់ឯងបែបនេះ។
តារាចម្រៀង លាង សុផាឡែន បានប្រាប់ឲ្យដឹងទៀតថា "នៅក្នុងវ៉ុលថ្មីរបស់ខ្ញុំ គឺត្រៀមចេញលក់ ក្នុងពេលឆាប់ៗនេះ ទាំងវីស៊ីឌី និងស៊ីឌី។ អ្វីដែលខ្ញុំរំពឹងទុកថា នឹងអាចស្តារកេរ្តិ៍ឈ្មោះ កាន់តែទទួលបាន ការគាំទ្រច្រើននោះ គឺវ៉ុលថ្មីនេះ ខ្ញុំមានបទចម្រៀង ពីរោះជាច្រើន ដែលខ្ញុំបកស្រាយ ដោយផ្ទាល់។ មិនតែប៉ុណ្ណោះបទចម្រៀង ទាំងអស់នោះ ក៏សម្តែងជាប្រភេទ សាច់រឿងប្រទាក់ក្រឡាគ្នា ។ នេះជាលើកទី១ សម្រាប់ខ្ញុំ ដែលបានសម្តែង ជាប្រភេទ Story បែបនេះ"។
តារាចម្រៀងស្រី កញ្ញា លាង សុផាឡែន បានប្រាប់ឲ្យដឹងទៀតថា ពេលនេះនាងមិនទាន់ ចង់និយាយបង្ហើប ច្រើនទាក់ទងទៅ និងបទចម្រៀងថ្មីនោះទេ គឺនាងសុំបង្ហើបត្រឹមថា បទចម្រៀងថ្មី ដែលនាងច្រៀងនេះ គឺផ្តោតសំខាន់ទៅលើ ស្នេហាយុវវ័យ ក្នុងនោះក៏មានបង្កប់ន័យអប់រំ ទៅលើយុវវ័យផងដែរ ។ តែចំពោះរឿង ស៊ីជម្រៅទៅ លើវ៉ុលថ្មីនេះនាង សុំលាក់សិន ព្រោះចង់ឲ្យទស្សនិកជន រង់ចាំទស្សនា មានការភ្ញាក់ផ្អើល ជាមួយ និងបទចម្រៀង របស់នាងទាំងអស់គ្នា៕
Looking Today
Looking Today

Recent Posts