ក្រុម​ស្ដេច​ស​ Real Madrid បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម​ចេញ​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ Champions Leagueក្រោយ​ពី​យក​ឈ្នះ​ ២-១ នៅ Old Trafford កាល​ពី​យប់​មិញ​នេះ។
ក្រោយ​ពី​បញ្ចប់​ជើង​ទី​មួយ​នៅ Bernabeu ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១ ក្រុម​ស្ដេច​ស​ចាំ​បាច់​ត្រូវ​ស៊ុត​បញ្ចូល​ទី​ជា​ដាច់​ខាត​ ដើម្បី​មាន​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់។ យ៉ាង​ណា​ក្ដី តង់​ទី​មួយ​ បាន​បញ្ចប់​ទៅ​ត្រឹម​ស្មើ ០-០។
Modric ស៊ុត​បញ្ចូល​ទី​តាម​ស្មើ Man Utd
ក្រុម​ម្ចាស់​ផ្ទះ បាន​នាំ​មុខ​មុន​​នៅ​ដើម​តង់​ទី​២ បន្ទាប់​ពី​ Sergio Ramos បាន​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ ទោះ​បី​ជា​នាំ​មុខ​មួយ​គ្រាប់​ក្ដី ក្រុម​បិសាច​ក្រហម​​បាន​ជួប​នូវ​ភារកិច្ច​ដ៏​ធ្ងន់ នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​សញ្ជាតិ​ទួរគី Couneyt Cakir បាន​សម្រេច​ផ្ដល់​កាត​ក្រហម​ដល់​កីឡាករ​ Nani ក្រោយ​ពី​​​ប៉ះ​ទង្គិច​ជាមួយ​ Alvaro Arbbeloa នៅ​នាទី​៥៦។ ការ​សម្រេច​នេះ​បាន​បង្ក​ឲ្យ​លោក Ferguson និង​ក្រុម​កីឡាករ​របស់​លោក​ ផ្ទុះ​កំហឹង​ផង​ដែរ។
ក្រុម​របស់​លោក Jose Mourinho បាន​តាម​ស្មើ និង​វាយ​បក​យក​ឈ្នះ​វិញ​ចំនួន​ពីរ​គ្រាប់​​ក្នុង​ចន្លោះ​ពេល​បី​នាទី​ ដោយ​អតីត​ខ្សែ​បម្រើ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur កីឡាករ Luka Modric និង​អតីត​វីរបុរស​របស់​បិសាច​ក្រហមCristiano Ronaldo
Man Utd បាន​ព្យាយាម​រក​គ្រាប់​បាល់​សង​វិញ​ផង​ដែរ ប៉ុន្តែ​អ្នក​ចាំ​ទី Diego Lopez របស់ Real Madrid បាន​ជួយ​សង្គ្រោះ​បាន​យ៉ាង​ល្អ។
លទ្ធផល​មួយ​គូ​ទៀត ក្រុម Borussia Dortmund បាន​យក​ឈ្នះ Shakhtar Donetsk ៣-០។ កាល​ពី​ជើង​ទី​មួយ​គូ​ទាំង​ពីរ​នេះ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ ២-២ ដែល​ធ្វើ​ឲ្យ Dortmund ត្រូវ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្នុង​លទ្ធផល​សរុប ៥-២។​​​​​​
បើ​ងាក​មក​កាន់​ ប្រអប់​ Comments ​នៅ​ Sabay ​វិញ​​ គឺ​​ថា​​មាន​មនុស្ស​ជាង​១២០​​នាក់​បាន​ផ្ដល់​មតិ​ ​និង ​ពិភាក្សា​គ្នា​យ៉ាង​​យក​ចិត្ត​ទុក​​ក្នុង​ជំនួប​យប់​មិញ​នេះ។ ​ក្នុង​នោះ​មាន​ច្រើន​នាក់​ដែរ​ ដែល​ទាយ​ថា​ Real Madrid ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ខណៈ​ដែល​ ​អ្នក​គាំទ្រ​ បិសាច​ក្រហម​​​​ ​ក៏​​​​​បាន​ទាយ​​យ៉ាង​ផុលផុស​ផង​ដែរ។

Recent Posts