ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃ អាទិត្យ ទី ១៧ ខែ មីនា ឆ្នាំ ២០១៣ បានសម្រេចប្រគល់ដីភូមិ ដីស្រែ ព្រមទាំងសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ៤៩គ្រួសារ នៅចំណុចភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន ភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ការសម្រេចប្រគល់នេះបានធ្វើឡើង បន្ទាប់ពីការអនុវត្តសាលក្រមដ៏អយុត្តិធម៌ របស់តុលាការ ខេត្តព្រះសីហនុ រឹបអូសយកដីស្រែ ដីភូមិរបស់ពួកគាត់ទៅអោយឧកញ្ញ៉ា ជៀម ផែន ថៅកែស្រាបៀរ លីអូ ព្រមទាំងវាយបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ ។
យោងតាមប្រភពព័ត៌មានដ៏គួរអោយទុកចិត្តបានអោយដឹងថា នៅថ្ងៃទី ច័ន្ទទី ១៨ ខែមីនា ឆ្នាំ ២០១៣ នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរដោះស្រាយវិវាទដីធ្លី អមដំណើរដោយលោក ហ៊ុន ម៉ានិត អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានជាតិ ដោះស្រាយទំនាស់ដីធ្លី និងលោកឧកញ្ញ៉ា ម៉ុង ប្ញទ្ធី ចុះទៅប្រកាសដល់ទីកន្លែងទំនាស់តែម្តង ។
យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅយប់ថ្ងៃ អាទិត្យ ទី១៧ ខែមីនា នេះ បានអោយដឹងថា
ប្រការ ១ ៖ និរាករណ៌សេចក្តីជូនដំណឹង លេខ ៦៦៩ ស.ជ.ណ ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពីករណីទំនាស់ដីធ្លី នៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រវាងលោក ជៀម ផែន ជាមួយនឹងប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ។
ប្រការ ២ ៖ ប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដឹកនាំក្រុមការងារចុះពិនិត្យដោះស្រាយនៅហ្នឹងកន្លែង ។
ប្រការ ៣ ៖ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ គ្រប់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសំរេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
នៅក្នុងលិខិតដាច់ដោយឡែកមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន បានស្នើអោយឧកញ្ញ៉ា ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មាធិការទី ៣ ព្រឹទ្ធសភា ទទួលយកប្រជាពលរដ្ឋទាំងនោះមកស្នាក់នៅបណ្តោះអាសន្នសិន  រួចហើយរៀបចំសាងសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋឡើងវិញដោយថវិកា ជាបន្ទុករបស់គ្រួសារសម្តេច ។
ខាងក្រោមនេះជាសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ៖
www.lookingtoday.com
ប្រភព ដើមអម្ពិល

Recent Posts