ភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់បានរងរបួសធ្ងន់ ដោយគ្រាប់កាំភ្លើងរបស់ក្រុមចោរប្លន់ប្រដាប់អាវុធបាញ់រះចំនួន៥គ្រាប់ ប្លន់យកម៉ូតូជនរងគ្រោះស៊េរីឆ្នាំ២០១៣ មួយគ្រឿង តែពុំបានសម្រេចក៏នាំគ្នារត់គេចខ្លួនបាត់ភ្លាមៗយកព្រះអាយុទាំងព្រលឹងចុងសក់។
អំពើប្លន់នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវបេតុង ចម្ងាយប្រហែលជាង១០០ម៉ែត្រខាងជើងវត្តសំរោងអណ្ដែត ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សំណាង រក្សា ហៅពេទ្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្ដុកក្រោល ឃុំវាលវង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយសព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមការអះអាងរបស់ស្ត្រីឈ្មោះ សំណាង ណា អាយុ៣៦ឆ្នាំត្រូវជាបងស្រីរបស់ជនរងគ្រោះនិងជាសាក្សីធ្វើដំណើរជាមួយជនរងគ្រោះផងនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្ទះជួលនៅម្ដុំវត្តតាំងកសាង ទៅលេងផ្ទះបងប្អូន ហើយខណៈពេលចេញពីផ្ទះបងប្អូននៅភូមិច្រេស ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ បានចម្ងាយប្រហែល៥០០ម៉ែត្រក៏ត្រូវជនល្មើសជាបុរសចំនួន៣នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខតាមស្ទាក់បាញ់ចំនួន៥គ្រាប់ប្លន់យកម៉ូតូ ប៉ុន្តែគ្រានោះនាងស្រែកចោរៗឲ្យអ្នកស្រុកជួយ ហើយក្រុមជនល្មើសភ័យ ក៏នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ភ្លាមៗតែម្ដង។
នៅកន្លែងកើតហេតុគេឃើញសំបកការទុស្សគ្រាប់កាំភ្លើងខ្លីម៉ាកឡុកចំនួន៤ និងគ្រាប់មិនទាន់ផ្ទុះ(ស្អុយ)ចំនួន១គ្រាប់ បន្សល់ទុកចោលកន្លែងកើតហេតុ។ នៅក្នុងអំពើបាញ់ប្លន់នោះបណ្ដាលឲ្យជនរងគ្រោះត្រូវចំនួន២កន្លែងធ្លាយពោះ និងដៃម្ខាង។ ប៉ូលិសបានរូតរះហៅរថយន្តពេទ្យឯកជនឈ្មោះ ឃីម រ៉ានីមកដឹកយកទៅព្យាបាលភ្លាមៗនិងយកម៉ូតូរងគ្រោះមករក្សាទុក៕
Categories:
ព័តមានជាតិ