ភ្នំពេញ៖ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានបញ្ជូន ជនសង្ស័យ ជាជនជាតិចិន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធី ក្រោយពេល ដែលជនជាតិចិនរូបនេះ បានបើករថយន្ត ដោយស្ថាន ភាពស្រវឹង ហើយជ្រុលទៅបុក រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា បណ្តាលឲ្យអ្នកកំដរ អ្នកជំងឺ ម្នាក់រងរបួសស្រាល។
លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ជើងគោក បានថ្លែងឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោក បានបញ្ជូនជននេះ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយសារតែ មានមានជាតិស្រវឹង។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៖៣០នាទីយប់ រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ភ្លើងស្តុប មហាវិថី ព្រះមុនីវង្ស កែងផ្លូវ លេខ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
មន្រ្តីចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិន មានឈ្មោះ Wang Pihong អាយុ២៣ឆ្នាំ មុខរបរជាអ្នក ប្រមូលខោអាវ រោងចក្រ Hong Yun បានបើករថយន្ត របស់ខ្លួនម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4225 លុះមកដល់ចំណុច កើតហេតុ បានបុកជាមួយរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ខណៈកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាង។
សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងទៀតថា រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ខម-១៧៩៣ បើកបរដោយឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុជិត៤០ឆ្នាំ ។
យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ នរណាម្នាក់ រងរបួសនោះទេ។ ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ ជើងគោក ស្ទួចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារ តែស្ថានភាព ស្រវឹង ដោយបុរសជនជាតិចិននោះ មានជាតិអាល់ កុលចំនួន ០,៤២ មីលីក្រាម ក្នុងមួយលីត្រខ្យល់ និងគ្មានប័ណ្ណបើកបរ។
យ៉ាងណាក៏ដោយ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ នៅតែបញ្ចេញប្រតិបត្តិការ ដ៏ក្តៅគគុករបស់ខ្លួន ពោលរាល់ជនណាដែលបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ដោសារតែស្ថានភាពស្រវឹងនោះ ត្រូវចាប់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា ដោយសារតែមានការរិតបណ្តឹង របស់សមត្ថកិច្ច របស់លោក ជុំវិញនឹងការ បញ្ជូនជនល្មើស ទៅកាន់តុលាការ ដោយសារ តែបង្កគ្រោះ ថ្នាក់ចរាចរណ៍ បានបង្ហាញថា បទល្មើស ដូចជា បើករថយន្ត បុករនាំង បែងចែកទ្រូងផ្លូវ ដោយតែស្ថានភាពស្រវឹង មានការថយចុះគួរ ឲ្យកត់សម្គាល់ នាដើមខែកុម្ភៈ ឆ្នាំ២០១៣នេះ។
បើតាម លោក ប៉ែន ឃុន កម្លាំងសមត្ថកិច្ច របស់លោក នៅតែបន្តប្រតិបត្តិការនេះ ដើម្បីចូលរួមកាត់ បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលបាន និងកំពុងមានការកើនឡើង នាពេលនេះ ក្រោយពីបទបញ្ជា របស់លោកស្នងការ នគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន បាន ថ្លែងអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំ ពេញ ទាំងអស់ ត្រូវចូលរួមសហការនិងគោរព ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយកត្ដា ដែលសំខាន់មួយទៀតនោះ គឺមិនត្រូវបើកបរ ពេលដែលខ្លួនស្រវឹងនោះឡើយ ។
ជាមួយគ្នានេះ លោកប៉ែន ឃុន ក៏បាន មើលឃើញការបើកបរ ក្នុងល្បឿនលឿន ដែលភាគច្រើនជាក្រុមក្មេងស្ទាវ ដែលបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងកម្រិតមួយដ៏ខ្ពស់ ហើយរថយន្ដ ដឹកកម្មករ ដែលមានចំនួនច្រើន ជាពិសេសធ្វើ ចរាចរនៅ ជាយរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខ យ៉ាងខ្លាំងផងដែរ។
ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរ ក្នុងរយៈពេលថ្មីៗនេះនិង រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញ កម្លាំងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅតាមខណ្ឌនីមួយៗ បានបើកប្រតិបត្ដិការ ត្រួតពិនិត្យច្បាប់ ចរាចរនៅតាមផ្លូវធំៗ មួយចំនួន នៅក្នុងរាជធានីភ្នំ ពេញ ។
ជាមួយគ្នានេះ ចំពោះកត្ដា គ្រឿងស្រវឹង ហើយនៅតែបើកបរ និងបានបង្កគ្រោះថ្នាក់ ចរាចរ ក៏ដូចជាបំផ្លាញទ្រព្យ សម្បត្ដិរបស់រដ្ឋ នោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជា ឱ្យបញ្ជូនសំណុំរឿងនិងមនុស្សទៅកាន់តុលាការ ដោយគ្មានការយោគយល់និង អន្ដរាគមន៍ នោះឡើយ។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ធ្លាប់បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា លោកបានដាក់បទបញ្ជា ឱ្យអធិការ នគរបាលខណ្ឌទាំង៩ និងកម្លាំង នគរបាលចរាចរណ៍ ត្រូវត្រួត ពិនិត្យជាតិអាកុល ចំពោះអ្នកដំណើរតាមផ្លូវ ដោយលោកយល់ថា គ្រោះថ្នាក់ចរាចរ ដែលបាននិងកំពុង កើនឡើងនេះ មួយផ្នែកបណ្ដាលមកពីគ្រឿងស្រវឹងតែម្ដង។
លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ថា លោកក៏បានបញ្ជា ឱ្យសមត្ថកិច្ច បញ្ជូនខ្លួនជនណា ដែលមានជាតិអាកុលខ្លាំង នៅក្នុងខ្លួនទៅតុលាការផង ដែរ ដើម្បីអនុវត្ដទៅ តាមច្បាប់ ក៏ដូចជាការព្រមានទៅកាន់ជនដទៃទៀត ។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែល ត្រូវផាកពិន័យ ចំពោះជនណា ដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕
Categories:
ព័តមានជាតិ