ភ្នំពេញ
៖
ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យមានការភ្ញាក់រលឹកក្នុងការ
សំអាតទីក្រុងឲ្យមានបរិស្ថានល្អនិងសោភ័ណភាពស្រស់បំព្រងនោះនៅ
ល្ងាចថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៣នេះលោកសេងគន្ធ
អភិបាលរងខណ្ឌពោធិ៍សែនជ័យបានដឹកនាំយុវជនប្រមាណជា៥០០នាក់ដើរជា
ក្បួនផ្សព្វផ្សាយនិងរើសសំរាមតាមដងផ្លូវជាតិលេខ៤ចាប់ពីចំណុច
រង្វង់មូលចោមចៅរហូតដល់ចំណុចផ្លូវរថភ្លើងមុខភូមិអង្គប្រវែងជិត២
គីឡូម៉ែត្រ។
លោក
សេងគន្ធបានឲ្យដឹងថា
ខណ្ឌពោធិ៍សែនជ័យរបស់យើងបានរៀបចំប្រារព្ធទិវាទីក្រុងស្អាតនេះ
ឡើងដើម្បីជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅជាពិសេសអ្នករស់នៅ
ក្នុងទីក្រុងនិងតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជាទាំងមូលឲ្យ
គាត់មានការយល់ដឹងពីការប្រើប្រាស់និងការទុកកាកសំណល់ទាំងនោះជាពិសេស
កាកសំណល់ជាថង់ប្លាស្ទិកដែលជាកាកសំណល់មិនងាយនឹងរលាយហើយក៏ជា
បញ្ហាកង្វល់របស់យើងទាំងអស់គ្នា។
ចាប់ពីពេលនេះតទៅប្រទេសកម្ពុជាយើងបានកំណត់យកថ្ងៃទី២៧ខែកុម្ភៈនេះ
ជាទិវាជាតិទីក្រុងស្អាត ហើយយើងនឹងចាប់អនុវត្តន៍ពីពេលនេះតទៅ។
លោកបន្តថាសំរាប់ខណ្ឌពោធិ៍សែនជ័យនៅពេលនេះយើងមានយុវជនប្រមាណជា
៥០០នាក់បានមកចូលរួមរើសសំរាមនៅតាមដងផ្លូវជាតិលេខ៤និងលើកបដា
ពាក្យស្លោកដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាការប្រើប្រាស់
ការទុកដាក់កាកសំណល់ឲ្យមានរបៀបនិងចេះញែកឲ្យដាច់ទៅតាមការណែនាំ
របស់អ្នកជំនាញដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនក៏ដូចជាការ
ងាយស្រួលដល់ការយកកាកសំណល់ទាំងនោះទៅប្រើប្រាស់ឡើងវិញផងដែរ។
លោក
បន្តថាយុវជនដែលបានចូលរួមនាពេលនេះរួមមានសហភាពសហព័ន្ធយុវជន
កម្ពុជាខណ្ឌពោធិ៍សែនជ័យនិងចូលរួមដោយសហភាពសហព័ន្ធយុវជនកម្ពុជា
មកពីក្រសួងទេសចរណ៍និងបុគ្គលិកក្រុមហ៊ុនaz។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យចោលសំរាមផ្ដេសផ្ដាសត្រូវចេះ
ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងត្រូវសំអាតបរិស្ថានឲ្យបានស្អាត
ជាប្រចាំជាពិសេសកុំចោលសំរាមតាមដងផ្លូវសាធារណៈ៕
Categories:
ព័តមានជាតិ