ភ្នំពេញ ៖ ស្ដ្រីមួយរូប បានអះអាងថា ក្រុមហ៊ុននាំភ្ញៀវដើរលេងកំសាន្ដនៅក្រៅ ប្រទេស យីហោ ស្កាយខេមបូឌាត្រាវែល ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០៣ តាម បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌ ដូនពេញ រួមជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួន ឈ្មោះស្រីរត្ន័ ដែលមានទីតាំងនៅជិតសណ្ឋា គារស ក្បែរផ្សារធំថ្មី បានបោកលុយរបស់ គាត់ជិត៦០០ដុល្លារ ជាថ្នូរថា បានទៅលេង កំសាន្ដនៅប្រទេសថៃ រយៈពេល៤យប់៥ថ្ងៃ។
ស្ដ្រីរូបនេះ បានឱ្យដឹងថា ខ្លួននិងបង ប្រុសកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កន្លងទៅ បានទិញសំបុត្រនិងបង់លុយចំនួន ៥៩៤ដុល្លារ ពីក្រុមហ៊ុនស្កាយខេមបូឌាត្រាវែល ដើម្បីធ្វើដំណើរកំសាន្ដទៅកាន់ប្រទេសថៃ រយៈពេល៤យប់៥ថ្ងៃ ។ ស្ដ្រីដដែលនេះ បាន បន្ដថា ក្រោយពីបានបង់លុយរួចអស់ហើយ ក្រុមហ៊ុនទេសចរណ៍មួយនេះ បានផ្ទេរអតិថិ ជនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនជាដៃគូ ឈ្មោះស្រី រត្ន័ ដើម្បីរៀបចំជាកញ្ចប់មួយធ្វើ ដំណើរកំសាន្ដទៅកាន់ប្រទេសថៃ ។
បើតាមស្ដ្រីរងគ្រោះរូបនេះបានអះអាង ទៀតថា ដំបូងឡើយដោយភ្លេចមើលថ្ងៃខែ នៅក្នុងលិខិតឆ្លងដែនរបស់ខ្លួន ដែលត្រូវផុតកំណត់នោះ ត្រូវបានក្រុមហ៊ុន ធានាថា មិនអីនោះឡើយ គ្រាន់តែបង់លុយ បន្ថែម  ចំនួន១៥០០បាត ពេលធ្វើដំណើរទៅដល់ព្រំដែន ដើម្បីឱ្យសមត្ថកិច្ចនៅទីនោះអាចវ៉ៃត្រា ចូលទៅបាន ។ ប៉ុន្ដែពេលធ្វើដំណើរទៅដល់ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខាងក្រុមហ៊ុន បានទម្លាក់រូបគាត់ និងបងប្រុសរបស់ខ្លួននៅទីនោះ ដោយអះអាងថា ធានាមិនបាននោះទេ ដោយសារតែថ្ងៃខែនៅក្នុងលិខិតឆ្លងដែន គឺហួសពេលកំណត់ ។
ដោយសារតែការទម្លាក់ចោលគ្មានទទួលខុសត្រូវ ស្ដ្រីរងគ្រោះនិងបងប្រុស បានស្នាក់នៅទីក្រុងប៉ោយប៉ែតមួយយប់ មុនពេលធ្វើដំណើរមកភ្នំពេញវិញ ។
បើយោងតាមស្ដ្រីរងគ្រោះ រហូតមកដល់ពេលនេះ កញ្ចប់លុយជិត៦០០ដុល្លារ ដែលបង់ជូនក្រុមហ៊ុន សម្រាប់ដំណើរកំសាន្ដទៅប្រទេសថៃ គឺមិនបានមកវិញនោះ ទេ ដោយក្រុមហ៊ុនមិនព្រមសង ។
ទាក់ទិនការស៊ីដាច់លុយអតិថិជនតែមិន បានធ្វើដំណើរទៅកំសាន្ដនៅប្រទេសថៃនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ បានទាក់ទងទៅលេខទូរស័ព្ទ លើតុរបស់ក្រុមហ៊ុន ហើយត្រូវបុរសម្នាក់លើក និងនិយាយថា លោកមិនបានដឹងរឿងរ៉ាវនេះទេ ហើយម្យ៉ាងទៀត ទើបនឹងចូលធ្វើការ៕

Recent Posts