បន្ទាយមានជ័យ ៖
សមត្ថកិច្ចឃុំអូរបីជាន់បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៣នេះថា មានប្រជាពលរដ្ឋកម្ពុជាចំនួន៤នាក់ត្រូវបានទាហានថៃចាប់ឃាត់ខ្លួន ដោយសារតែប្រជាពលរដ្ឋទាំងនោះបានឆ្លងដែនខុសច្បាប់ចូលទឹកដីរបស់គេជាបន្តបន្ទាប់។
ប្រភពព័ត៌មានពីព្រំដែនកម្ពុជា-ថៃ
នៅស្រុកអូរបីជាន់បានឲ្យដឹងថា
ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានចំនួន០៤នាក់ហើយ
ដែលបានឆ្លងដែនខុសច្បាប់ទៅធ្វើជាកម្មករ
និងដឹកស្រូវចូលទៅក្នុងប្រទេសថៃ
ហើយត្រូវបានទាហានថៃចាប់ខ្លួន២ថ្ងៃបន្តបន្ទាប់គ្នា
ដោយប្រជាពលរដ្ឋទាំងនោះគឺសុទ្ធតែរស់នៅស្រុកអូរជ្រៅ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៤នាក់មានទី១.ឈ្មោះ
ឈាន លាប ភេទប្រុស អាយុ៣៣ឆ្នាំ ទី២.ឈ្មោះ តាំង ស ភេទប្រុស
អាយុ៣៧ឆ្នាំ អ្នកទាំង២មានមុខរបរ លីបាវស្រូវ រស់នៅភូមិថ្នល់បត់
ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវតម្រួតថៃចាប់ឃាត់ខ្លួននៅថ្ងៃទី១៤
ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចក្នុងភូមិសាស្ត្រស្រុកគោកធ្យូង
ប្រទេសថៃ គ្រាដែលអ្នកទាំង២នាក់ ជិះរថយន្តម៉ាកនីសាន់
របស់ថៃដឹកស្រូវចូលឆ្លងដែនខុសច្បាប់។
ប្រភពព័ត៌មានបន្តថា លុះមកដល់ថ្ងៃទី១៥ ខែកុម្ភៈ
ឆ្នាំ២០១៣ប្រជាពលរដ្ឋកម្ពុជាចំនួន២នាក់ទៀតត្រូវបានទាហានថៃ
ឃាត់ខ្លួនទៀត
ដោយសារតែពួកគេបានឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់។
ពលរដ្ឋ២នាក់នេះមានទី២.ឈ្មោះ សឿង ប៉ិប ភេទប្រុស អាយុ១៩ឆ្នាំ
ទី២.ឈ្មោះ ខេមរៈ ភេទប្រុស អាយុ១៩ឆ្នាំ
អ្នកទាំង២រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ
ហើយត្រូវបានទាំហានថៃឃាត់ខ្លួននៅចំណុចភ្នំខាវដាង ស្រុកគោកធ្យូង
ប្រទេសថៃ។
អាជ្ញាធរស្រុកអូរជ្រៅបានឲ្យដឹងថា
ពេលនេះខាងភាគីកម្ពុជាបានស្វះស្វែងជួយអន្តរាគមន៍ហើយ
តែភាគីថៃមិនទាន់ផ្ដល់ដំណឹងឲ្យដឹងថាយ៉ាងណានោះទេ
ខណៈពេលនេះគេដឹងថា ប្រជាពលដ្ឋកម្ពុជាទាំង៤នាក់នោះ
ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកាន់ខេត្តស្រះកែវ៕
Categories:
ព័តមានជាតិ