ភ្នំពេញ ៖ រោងចក្រកាត់ដេរយីហោ ស៊ីនឆាងស៊ីន និងផ្លូវបេតុងមុខរោងចក្រ ត្រូវទឹកដែលស្ទះលូហូរជន់លិចខាងក្នុងនិងខាងមុខរោងចក្រ ហើយ ផ្លូវបេតុងមួយខ្សែទៀត ដែលស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវបានជន់លិច១កំណាត់ផ្លូវជាច្រើនខែគ្មានអ្នកអើពើ ធ្វើឲ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវរួមនឹងកម្មកររោងចក្ររអ៊ូរទាំយ៉ាងខ្លាំង ហើយបានឆ្លើយដាក់គ្នារវាងម្ចាស់ផ្សារធំទួលសង្កែ និងម្ចាស់រោងចក្រ។
បើតាមម្ចាស់រោងចក្រស៊ីនឆាងស៊ីន បានឲ្យដឹងថា ទីតាំងរោងចក្ររបស់គាត់គឺមានដីទំនាបទាបជាងគេបណ្ដាលឲ្យទឹកលូដែលស្ទះនោះហូរចូលរោងចក្រគាត់មុនគេព្រោះលូនៅខាងក្រោមគាត់បានស្ទះរាប់ខែមកហើយ ជាពិសេសគឺខាងផ្សារធំទួលសង្កែហៅផ្សារសាំហាន់។ ដូច្នេះទឹកបានច្រាលបុកហូរចូលរោងចក្ររបស់គាត់ ថែមទាំងហៀររហូតដល់ផ្លូវមុខរោងចក្រទៀតផង។
ប្រភពខាងលើបន្តថា ខាងផ្សារសាំហាន់ និងមួយផ្នែកទៀតខាងអាជ្ញាធរបានយកភាស៊ីអនាម័យពីអាជីវករដែលលក់ដូរតាមចិញ្ចឹមផ្លូវ ប៉ុន្តែដោយសារសំរាមបោសសំអាតមិនស្អាតទើបសំរាមហូរចូលលូបន្តិចម្ដងៗរាប់ខែរាប់ឆ្នាំ ទើបបណ្ដាលឲ្យលូដ៏ធំនោះស្ទះ ហើយច្រាលទឹកស្អុយចូលរោងចក្រគាត់តែម្ដង ដោយគ្មានអ្នកណាអើពើនោះទេ ចំណែកគាត់គឺចាំតែចេញលុយឲ្យជាងជួសជុលបើសិនអាជ្ញាធររៀបចំសហការ។
លោកអ៊ុក ខេម៉ា ចៅសង្កាត់រង សង្កាត់ទួលសង្កែបានឲ្យកម្ពុជាថ្មីដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈថា រឿងទឹកជន់លិចរោងចក្រនេះគឺពិតជាមានមែន មិនតែប៉ុណ្ណោះខាងរោងចក្របានបូមដាក់មកផ្លូវបេតុងផង គាត់ក៏ធ្លាប់បានអំពាវនាវឲ្យភាគីផ្សារសាំហាន់ក៏ដូចរោងចក្រ និងប្រជាពលរដ្ឋ ដែលនៅម្ដុំនោះឲ្យសហការគ្នាជួសជុលដែរ កុំឲ្យទឹកស្អុយហូរបាចសាចពាសវាលពាសកាលពេញកន្លែងលក់ដូរអញ្ចឹងវាប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែភាគីទាំងអស់បានឆ្លើយដាក់គ្នារហូតដល់លិចរោងចក្រ និងផ្លូវបេតុងយ៉ាងនេះ។
លោក អ៊ុក ខេម៉ា បន្តថា ចាំគាត់ចប់សន្និបាតបូកសរុបនៅសាលាក្រុងចាំគត់ចាត់ចែងរឿងនេះម្ដងទៀត។
ប្រជាពលរដ្ឋ និងកម្មកររោងចក្រស៊ីនឆាងស៊ីន សំណូមពរឲ្យអ្នកពាក់ព័ន្ធមេត្តាជួយជួសជុលបណ្ដាញបង្ហូរទឹកស្អុយនេះឲ្យបានឆាប់ព្រោះវាបានប៉ះពាល់ដល់បរិស្ថាន និងសុខភាពយ៉ាងធ្ងន់ធ្ងរ៕
Categories:
ព័តមានជាតិ