ខេត្តបាត់ដំបង  ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋានខេត្តបាន ទំលាយនូវសំណុំរឿងដ៏រន្ធត់មួយ និងខ្លោចផ្សាជាទីបំផុតរបស់ ក្មេង ស្រីវ័យ១៧ឆ្នាំចំនួន២នាក់ កាលពីល្ងាចថ្ងៃទី២៦ កុម្ភៈ ២០១៣ ដែលរាងកាយរបស់ពួកនាង ពោរពេញដោយ ស្លាកស្នាមរបួស ស្ទើរ សុះសាច់ ដែលពួកនាងអះអាងថា ជាស្លាកស្នាមបណ្ដាលមក ពីការធ្វើទារុណកម្មដ៏ព្រៃផ្សៃរបស់ថៅកែស្រី ដែលជាភរិយា លោក ឧកញ៉ាដ៏មានទ្រព្យ ស្ដុកស្ដមម្នាក់នៅរាជធានីភ្នំពេញ។
មន្រ្តីការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនស្នងការដ្ឋាន ខេត្តបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់នោះស្ថិតក្នុង ស្ថានភាពស្គមស្លេកស្លាំង និងមានស្នាមរបួសពេញរាងកាយដូចៗគ្នា ដែលទំនងរងនូវការវាយដំដោយវត្ថុរឹង ។ ពួកនាងត្រូវ សមត្ថ កិច្ចប្រទះឃើញឈរយំគួរឲ្យសង្វែកនៅក្បែររង្វង់មូលរូបសំណាក លោកតាដំបងគ្រញូងក្នុងក្រុងបាត់ដំបង កាលពីព្រលប់ថ្ងៃទី២២ កុម្ភៈ ជាមួយនឹងសម្លៀកបំពាក់ចំណាស់ មួយចង្កេះម្នាក់ប៉ុណ្ណោះ ។
សមត្ថកិច្ចបាននាំពួកនាងទាំង២នាក់មកកាន់ ការិយាល័យជំនាញដើម្បីសួរនាំពីដំណើររឿង ក្រោយពីនាងអះអាងថា ពួកនាងបាន ជិះម៉ូតូឌុបរត់ចេញពីភូមិគ្រឹះលោក ឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញ មកកាន់ស្រុកកំណើតនៅឯខេត្តបាត់ដំបង ដោយសារតែពួកនាងមិនអាចស៊ូទ្រាំបាន នូវការធ្វើទារុណកម្មគ្មានប្រណីស្ទើររាល់ថ្ងៃពីសំណាក់ថៅកែស្រីរបស់ពួកនាង។ នាងទាំង២នាក់ម្នាក់ ឈ្មោះសង់ គុន្ធា អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ជាកូនកំព្រា តែមាន ម្ដាយធំឈ្មោះហ៊ុង សុខា អាយុ៥១ឆ្នាំរស់នៅភូមិ-ឃុំខាងលើ និងម្នាក់ទៀតឈ្មោះផល្លី អាយុ១៧ឆ្នាំ។ នាងមិនដឹងថា ឪពុកម្ដាយ នៅទីណាទេ តែបានប្រាប់ថា មានស្រុកកំណើតនៅឯខេត្តតាកែវ ៕




Recent Posts