ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាបានបើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យអ្នកជិះម៉ូតូជាជនជាតខ្មែរស្លាប់ភ្លាមៗម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២០និង២០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅម្ដុំភោជនីយដ្ឋានបឹងកេងកងតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសជនជាតិចិននោះមិនត្រូវបានគេស្គាល់ឈ្មោះទេ មានអាយុប្រហែល៤០ឆ្នាំ ត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានចាប់ខ្លួនបានយ៉ាងលំបាកបញ្ជូនទៅស្នងការក្រុងជាមួយនឹងរថយន្តបង្កហេតុដែលគាត់បើកបរម៉ាកអាតូស(ATOZ) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N-0609។
ចំណែកជនរងគ្រោះនៅក្នុងករណីនេះទី១. ឈ្មោះ ចាន់ សុផាន ភេទប្រុសអាយុ២៣ឆ្នាំ(ស្លាប់នៅនឹងកន្លែង) មុខរបរកម្មកររោងចក្រមានទីលំនៅម្ដុំ សង្កាត់ស្ទឹងមានជ័យ ជាម្ចាស់ម៉ូតូម៉ាកសង់ ស៊េរី២០១៣ គ្មានស្លាកលេខ និងអ្នករួមដំណើរ២នាក់ទៀតរបួសធ្ងន់ទី១. ឆាន់ ដា ភេទស្រី អាយុ២០ឆ្នាំ ជាសង្សារ(សពរងគ្រោះ) មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២. ឈ្មោះ ចាន់ ថា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលជាមួយគ្នា និងឈ្មោះ ឆាន់ ដា។
បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់០១៣ ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាកATOZពាក់ស្លាកលេខភ្នំពេញ2N-0609 បើកបញ្ច្រាសទិសគ្នា(ពីកើតទៅលិច) រេចង្កូតពេញផ្លូវមកបុកម៉ូតូជនរងគ្រោះប្រាវតែម្ដង ដែលជនជាតិចិននោះស្ថិតក្នុងអាការៈស្រវឹងខ្លាំង៕
Categories:
ព័តមានជាតិ
