តាកែវ​ ៖​ ជនសង្ស័យ​ដើរ​លួច​ម៉ូតូ​យ៉ាង​សកម្ម​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្របួច​បាន តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​នា​ពេល​ថ្មីៗ​នេះ។
លោក ចាន់ ជៀប នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទី​១. ឈ្មោះ វិ​ន ថា​វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឡូរី​-​សង្កាត់​រកា​ក្នុង ស្រុក​ដូន​កែវ ខេត្តតាកែវ ទី​២. ឈ្មោះ សែន ច​ន្នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោកញ ឃុំ​ព្រៃ​ស្លឹក​ ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ ជនសង្ស័យ​រូប​នេះ​ទើប​ចេញពី​ពន្ធនាគារ​បាន​ប្រហែល​១​ឆ្នាំ​ប៉ុណ្ណោះ ក៏​ប្រព្រឹត្តិ​បទល្មើស​បន្ត​ទៀត។
ជនរងគ្រោះ​ឈ្មោះ ពេជ្រ សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃនប់ ឃុំ​ស្រ​ង៉ែ ​ស្រុក​ទ្រាំង ​ខេត្តតាកែវ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ខ្លួន​បាន​វិលត្រឡប់​មកពី​បុណ្យ​បងប្អូន លុះដល់​ចំណុច​មុខ​សាលាបង្រៀន​ភាសា​កូរ៉េ ខ្លួន​មាន​សភាព​ស្រវឹងស្រា ហើយ​ងងុយដេក​ផង​ក៏បាន​បញ្ឈប់​ម៉ូតូ​នៅ​ក្បែរ​កន្លែង​ដេក​ ក្រោយមក​ជនសង្ស័យ​ខាងលើ​ក៏បាន​លួច​យក​ម៉ូតូ​របស់​ខ្លួន​ម៉ាក​សេ​៧០​គុប​ជ្រុង​ពណ៌​បៃតង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1H-8452 ទៅ​បាត់។ លុះ​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១​និង​៣០​នាទី អាវុធហត្ថ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នោះ​ តែ​ម៉ូតូ​​ត្រូវ​ជនសង្ស័យ​ជិះ​យក​ទៅ​លក់​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​២០០​ដុល្លារ​បាត់​ទៅ​ហើយ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​សាលាបង្រៀន​ភាសា​កូរ៉េ។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កងរាជអាវុធហត្ថ​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕

Recent Posts