ក្រុង ហ្សាការតាៈ ក្រុមមន្រ្តី បាននិយាយពីថ្ងៃចន្ទថា យ៉ាងតិចមនុស្ស១៣នាក់ បានស្លាប់កាលពីចុងសប្តាហ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្លៀងធ្លាក់ដូចគេហែកមេឃ បានបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បានថ្លែងថា ទឹកជំនន់ និងការរអិលបាក់ដីបានវាយប្រហារទីរួមខេត្តម៉ាណាដូនៃខេត្ត ស៊ូឡាវ៉េស៊ីខាងជើង កាលពីព្រឹកថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងបានបង្ខំឲ្យគេជម្លៀសមនុស្ស១២០០នាក់។
មន្រ្តីគ្រោះមហន្តរាយក្នុងស្រុកលោក ដាល់ម៉ាន់តូ បានប្រាប់ AFP ថា កាលពីថ្ងៃអាទិត្យ មនុស្សបីនាក់ដែលក្នុងនោះមានក្មេងប្រុសវ័យ១៤ឆ្នាំពីរនាក់ផង បានស្លាប់បន្ទាប់ពីពួកគេ ត្រូវបានទឹកជំនន់ហូរនាំយកទៅនៅខេត្តចាំប៊ីលើកោះស៊ូម៉ាត្រា ។
លោកបាននិយាយថា៖ «ភ្លៀងដូចគេហែកមេឃជាច្រើនថ្ងៃ បានធ្វើឲ្យទន្លេមួយបាក់ច្រាំងទាំងសងខាងហើយជន់លិចផ្លូវទឹកច្រើនកន្លែង។ ក្មេងប្រុសទាំងនោះត្រូវហូរនាំយកទៅដោយចរន្តទឹកខ្លាំង ខណៈពួកគេ កំពុងងូតក្នុងផ្លូវទឹកមួយ។ នៅថ្ងៃនេះ (ថ្ងៃចន្ទ) យើង បានរកឃើញសាកសពបុរសម្នាក់ដែលទៅស្ទូចត្រីនៅក្នុងព្រែកជីកមួយ»។
ឥណ្ឌូនេស៊ី បានរងគ្រោះម្តងហើយម្តងទៀតដោយសារទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលឲ្យមានមនុស្សស្លាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្នុងអំឡុងពេលរដូវវស្សាដែលមានរយៈពេលប្រមាណ៦ខែ។
ក្រុមអ្នកបរិស្ថាន បានបន្ទោសលើការកាប់បំផ្លាញព្រៃឈើ និងការបរាជ័យមិនបានដាំឈើជាថ្មីលើដីទំនេរក្នុងរដ្ឋដែលមានប្រជាពលរដ្ឋច្រើនជាងគេបំផុតទី៤ក្នុងពិភពលោកដែលបង្កឲ្យទឹកជន់លិចញឹកញាប់៕ NR
Categories:
ព័តមានអន្តរជាតិ